មន្ត្រីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបញ្ចប់កិច្ចចរចាមួយជុំកាលពីថ្ងៃសុក្រ ដោយភាគីទាំងពីរយល់ព្រមបន្តការចរចា ដែលប្រទេសក្នុងតំបន់បានដាក់ក្តីសង្ឃឹមខ្ពស់ក្នុងការជួយដឹកនាំមជ្ឈិមបូព៌ាឲ្យចេញផុតពីស្ថានភាពនៃសង្គ្រាមកាន់តែធំដែលអាចកើតមាន។
បណ្តាប្រទេសក្នុងតំបន់បានស្វាគមន៍ការបន្តកិច្ចសន្ទនារវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ដែលជាការបន្តកិច្ចសន្ទនាលើកដំបូង ចាប់តាំងពីការវាយប្រហាររបស់សហរដ្ឋអាមេរិកលើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ ក្នុងខែមិថុនា ឆ្នាំ ២០២៥ ខណៈពេលដែលជំរុញឲ្យមានជំហានឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធី និងយូរអង្វែងនូវជម្លោះនុយក្លេអ៊ែរ និងព្រមានអំពីហានិភ័យនៃការកើនឡើងភាពតានតឹងផ្នែកយោធា។

ដោយដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi ទីភ្នាក់ងារសារព័ត៌មាន Fars របស់ប្រទេសនេះ បានរាយការណ៍កាលពីថ្ងៃសុក្រថា៖«ការចរចារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក គឺជា «ការចាប់ផ្តើមដ៏ល្អ» ដោយភាគីទាំងពីរយល់ព្រមបន្តការចរចាផ្សេងទៀត។
លោក Araghchi ដែលដឹកនាំគណៈប្រតិភូអ៊ីរ៉ង់ បាននិយាយថា ការចរចារយៈពេលជាច្រើនម៉ោង នៅទីក្រុង Muscat ប្រទេសអូម៉ង់ ត្រូវបានធ្វើឡើងក្នុង «បរិយាកាសវិជ្ជមាន»។ លោកបានប្រាប់អ្នកយកព័ត៌មានថា ភាគីទាំងពីរនឹងត្រឡប់ទៅរដ្ឋធានីរបស់ពួកគេវិញជាមុនសិន ដើម្បីពិគ្រោះយោបល់ មុនពេលសម្រេចចិត្តលើពេលវេលា និងទម្រង់នៃការចរចាជុំបន្ទាប់។
លោក Araghchi បានបញ្ជាក់ថា កិច្ចចរចានេះ ផ្តោតទាំងស្រុងលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយបន្ថែមថា ទីក្រុងតេអេរ៉ង់មិនបានពិភាក្សា «ប្រធានបទផ្សេងទៀត» ជាមួយទីក្រុងវ៉ាស៊ីនតោនទេ»។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការរបស់អ៊ីរ៉ង់៕
