ដោយដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ និងអ្នកការទូតមកពីប្រទេសចំនួន ៤ ដែលជាសមាជិកក្រុមប្រឹក្សានេះ សារព័ត៌មាន Axios បានរាយការណ៍កាលពីថ្ងៃសុក្រថា សេតវិមានមានគម្រោងរៀបចំកិច្ចប្រជុំលើកដំបូងសម្រាប់ «ក្រុមប្រឹក្សាសន្តិភាព» របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ទាក់ទងនឹងតំបន់ហ្កាហ្សា នៅថ្ងៃទី ១៩ ខែកុម្ភៈ។
ផែនការសម្រាប់កិច្ចប្រជុំ ដែលនឹងជាសន្និសីទរៃអង្គាសថវិកាសម្រាប់ការកសាងតំបន់ហ្កាហ្សាឡើងវិញផងដែរនោះ គឺស្ថិតនៅក្នុងដំណាក់កាលដំបូង ហើយនៅតែអាចផ្លាស់ប្តូរបាន។ នេះបើយោងតាមរបាយការណ៍របស់កាសែត Axios។

របាយការណ៍ បានបន្ថែមថា កិច្ចប្រជុំនេះ ត្រូវបានគ្រោងនឹងធ្វើឡើង នៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេ រិក នៅទីក្រុងវ៉ាស៊ីនតោន ដោយកត់សម្គាល់ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ គ្រោងនឹងជួបជាមួយលោក ត្រាំ នៅសេតវិមាន នៅថ្ងៃទី១៨ ខែកុម្ភៈ មួយថ្ងៃមុនកិច្ចប្រជុំដែលបានគ្រោងទុក។
សេតវិមាន និងក្រសួងការបរទេសសហរដ្ឋអាមេរិក មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ។
នាចុងខែមករា លោក ត្រាំ បានបង្កើតក្រុមប្រឹក្សាដែលលោកនឹងធ្វើជាប្រធាន ហើយដែលលោកនិយាយថានឹងមានគោលបំណងដោះស្រាយជម្លោះសកល ដែលនាំឲ្យអ្នកជំនាញជាច្រើនមានការព្រួយបារម្ភថា ក្រុមប្រឹក្សាបែបនេះ អាចធ្វើឲ្យអង្គការសហប្រជាជាតិចុះខ្សោយ៕
