សហរដ្ឋអាមេរិកបានថ្កោលទោសចំពោះការវាយប្រហារដោយយានដ្រូនរបស់កងកម្លាំងគាំទ្ររហ័ស (RSF) លើក្បួនរថយន្តរបស់កម្មវិធីស្បៀងអាហារពិភពលោក (WFP) នៅរដ្ឋ Kordofan ខាងជើងរបស់ប្រទេសស៊ូដង់ ដែលបានបណ្តាលឲ្យ មនុស្សម្នាក់ស្លាប់ និង បីនាក់ផ្សេងទៀតរងរបួស។

លោក Massad Boulos ទីប្រឹក្សាជាន់ខ្ពស់សហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអារ៉ាប់ និងអាហ្វ្រិក បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “សហរដ្ឋអាមេរិកថ្កោលទោសការវាយប្រហារដោយដ្រូន ថ្មីៗនេះ លើក្បួនរថយន្តរបស់កម្មវិធីស្បៀងអាហារពិភពលោក នៅក្នុងរដ្ឋ Kordofan ខាងជើង ដែលដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាជនដែលរងគ្រោះដោយទុរ្ភិក្ស ដែលបានសម្លាប់មនុស្សម្នាក់ និងរបួសជាច្រើននាក់ទៀត»។
បេសកជនអាមេរិករូបនេះ បានសរសេរថា៖«ការបំផ្លាញស្បៀងអាហារដែលមានបំណងសម្រាប់ប្រជាជនដែលខ្វះខាត និងការសម្លាប់បុគ្គលិកមនុស្សធម៌ គឺជារឿងដ៏គួរឲ្យស្អប់ខ្ពើមបំផុត»។
លោកបានបន្ថែមថា៖«រដ្ឋបាលលោក ត្រាំ មិនមានការអត់ឱនចំពោះការបំផ្លិចបំផ្លាញជីវិត និងជំនួយដែល ផ្តល់មូលនិធិដោយសហរដ្ឋអាមេរិកទេ។ យើងទាមទារការទទួលខុសត្រូវ និងសូមចូលរួមរំលែកទុក្ខដល់អ្នកទាំងអស់គ្នាដែលរងផលប៉ះពាល់ដោយព្រឹត្តិការណ៍ដែលមិនអាចលើកលែងបាន និងសង្គ្រាមដ៏គួរឲ្យ ភ័យខ្លាចនេះ»៕
