ប្រទេសគុយបាបានរៀបរាប់លម្អិតអំពីផែនការយ៉ាងទូលំទូលាយមួយកាលពីថ្ងៃសុក្រ ដើម្បីការពារសេវាកម្មសំខាន់ៗ និងប្រេងឥន្ធនៈបម្រុង ខណៈដែលរដ្ឋាភិបាលកុម្មុយនិស្តនេះ កំពុងតស៊ូប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការកាត់ផ្តាច់ការផ្គត់ផ្គង់ប្រេងទៅកាន់ប្រទេសកោះការ៉ាអ៊ីប។
វិធានការកំណត់កម្រិតទាំងនេះ គឺជាចំណាត់ការដំបូងដែលត្រូវបានប្រកាស ចាប់តាំងពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានគំរាមកំហែងដាក់ពន្ធលើផលិតផលដែលនាំចេញទៅកាន់សហរដ្ឋអាមេរិករបស់ប្រទេសណាមួយដែលនាំចេញប្រេងឥន្ធនៈទៅកាន់ប្រទេសគុយបា និងបានណែនាំអំពីពេលវេលាដ៏លំបាកសម្រាប់ប្រជាជនគុយបាដែលកំពុងជួបប្រទះនឹងកង្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និងថ្នាំពេទ្យយ៉ាងធ្ងន់ធ្ងរ។

រដ្ឋមន្ត្រីនៃរដ្ឋាភិបាលនេះ បាននិយាយថា វិធានការទាំងនេះ នឹងធានាការផ្គត់ផ្គង់ប្រេងឥន្ធនៈសម្រាប់វិស័យសំខាន់ៗ រួមទាំងផលិតកម្មកសិកម្ម ការអប់រំ ការផ្គត់ផ្គង់ទឹក ការថែទាំសុខភាព និងការពារជាតិ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Oscar Perez-Oliva បានបញ្ចេញសំឡេងប្រឆាំង ខណៈពេលដែលលោកបានបង្ហាញព័ត៌មានលម្អិតអំពីផែនការរបស់រដ្ឋាភិបាល។
លោក Perez-Oliva បានប្រាប់កម្មវិធីព័ត៌មានទូរទស្សន៍មួយថា៖«នេះគឺជាឱកាស និងជាបញ្ហាប្រឈមមួយដែលយើងជឿជាក់ថា យើងនឹងយកឈ្នះឲ្យបាន។ «យើងនឹងមិនដួលរលំទេ»៕
