អាជ្ញាធរប៉ូឡូញបាននិយាយនៅថ្ងៃសៅរ៍នេះថា អាកាសយានដ្ឋានពីរនៅភាគអាគ្នេយ៍ប្រទេសនេះ ត្រូវបានផ្អាកពីប្រតិបត្តិការជាការប្រុងប្រយ័ត្ន ដោយសារតែការវាយប្រហាររបស់រុស្ស៊ីលើទឹកដីអ៊ុយក្រែនក្បែរនោះ។
ទីភ្នាក់ងារសេវាកម្មរុករកផ្លូវអាកាសប៉ូឡូញ បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖«ទាក់ទងនឹងតម្រូវការ ដើម្បីធានាលទ្ធភាពនៃប្រតិបត្តិការអាកាសចរណ៍យោធាដោយសេរី អាកាសយានដ្ឋាននៅទីក្រុង Rzeszow និង Lublin បានផ្អាកប្រតិបត្តិការហោះហើរជាបណ្តោះអាសន្ន»។
ទីក្រុងទាំងពីរ គឺស្ថិតនៅជិតព្រំដែនរបស់ប្រទេសនេះ ជាមួយអ៊ុយក្រែន ដោយទីក្រុង Rzeszow គឺជាមជ្ឈមណ្ឌលសំខាន់របស់អង្គការណាតូសម្រាប់ការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន។

ទីបញ្ជាការប្រតិបត្តិការនៃកងកម្លាំងប្រដាប់អាវុធប៉ូឡូញ បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមX ថា អាកាសចរណ៍យោធា បានចាប់ផ្តើមប្រតិបត្តិការ នៅក្នុងដែនអាកាសប៉ូឡូញ ដោយសារតែការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន។
កងទ័ពនេះបាននិយាយថា៖«សកម្មភាពទាំងនេះ មានលក្ខណៈបង្ការ និងមានគោលបំណងធានា និងការពារដែនអាកាស ជាពិសេសនៅក្នុងតំបន់ដែលនៅជាប់នឹងតំបន់ដែលរងការគំរាមកំហែង»៕
