កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា អ៊ីស្រាអែលបានវាយប្រហារឃ្លាំងអាវុធ និងកន្លែងផលិតអាវុធរបស់ក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ដើម្បីឆ្លើយតបទៅនឹងការរំលោភលើបទឈប់បាញ់ដែលប្រព្រឹត្តដោយក្រុមសកម្មប្រយុទ្ធនេះ។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានអះអាងថា យោធាអ៊ីស្រាអែលបានវាយប្រហារ «រចនាសម្ព័ន្ធមួយដែលប្រើប្រាស់ដោយក្រុមហាម៉ាស ដើម្បីផលិតអាវុធ ក៏ដូចជាកន្លែងផ្ទុកអាវុធ» ដោយបន្ថែមថា «ជំហានជាច្រើន ត្រូវបានអនុវត្ត ដើម្បីញែកប្រជាជនស៊ីវិលចេញពីតំបន់ដែលមានការវាយប្រហារ រួមទាំងការព្រមានជាមុនផងដែរ»។ កងកម្លាំងការពារអ៊ីស្រាអែលបានបន្តថា៖«ការវាយប្រហារត្រូវបានធ្វើឡើង បន្ទាប់ពីវាត្រូវបានគេកំណត់អត្តសញ្ញាណថា គ្មានជនស៊ីវិលមានវត្តមាននៅជិតហេដ្ឋារចនាសម្ព័ន្ធភេរវកម្មនោះទេ»។
យោងតាម IDF បានឲ្យដឹងថា ការវាយប្រហារនេះ ត្រូវបានធ្វើឡើង «ជាការឆ្លើយតបទៅនឹងការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់កាលពីថ្ងៃព្រហស្បតិ៍ ដែលក្រុមភេរវករបានបាញ់ប្រហារទៅលើកងកម្លាំងការពារអ៊ីស្រាអែល ដែលកំពុងប្រតិបត្តិការនៅភាគខាងជើងតំបន់ហ្កាហ្សាក្នុងតំបន់ខ្សែបន្ទាត់លឿង»។ IDF បាននិយាយមុននេះថា ពុំមានអ្នកស្លាប់ និងរបួសក្នុងចំណោមយោធាអ៊ីស្រាអែល ត្រូវបានរាយការណ៍នោះទេ៕
