សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះ បរមនាម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋជូន ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសូលីត (Thongloun Sisoulith) ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតឡាវ និងគណៈប្រតិភូជាន់ខ្ពស់ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ។
ថ្លែងក្នុងសន្ទរកថាស្វាគមន៍ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ ឯកឧត្តម ប្រធានរដ្ឋ និងគណៈប្រតិភូជាន់ខ្ពស់ដែលបានចំណាយពេលវេលាដ៏មមាញឹក និងមានតម្លៃអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ដែលប្រទេសទាំងពីរតែងតែផ្លាស់ប្តូរដំណើរទស្សនកិច្ចផ្លូវរដ្ឋ-ផ្លូវការទៅវិញទៅមក ដើម្បីបន្តរឹតចំណងសាមគ្គីភាព ក្នុងស្មារតីជាអ្នកជិតខាងភូមិផងរបងដ៏ស្មោះត្រង់ជាមួយគ្នាជាប្រពៃណី រៀងដរាបរហូតមក។
សម្តេចតេជោជឿជាក់ថាតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំគ្រប់កម្រិតនេះ នឹងចូលរួមចំណែកធ្វើឱ្យទំនាក់ទំនងផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ និងវិស័យផ្សេងៗទៀត កាន់តែមានភាពសកម្ម និងមមាញឹកទ្វេឡើង។
សម្តេចតេជោក៏បានលើកឡើងថា ឆ្នាំនេះជាខួបលើកទី៧០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតឡាវផងដែរ។
បន្ទាប់ពីបញ្ចប់សន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសូលីត (Thongloun Sisoulith) និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា-ឡាវ អញ្ជើញទទួលទានភោជនាហារ អមដោយទស្សនីយភាពសិល្បៈក្រោមបរិយាកាសដ៏រីករាយ និងស្និទ្ធស្នាល។