អ៊ុយក្រែន៖ ខណៈដែលការវាយប្រហាររបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន បានឈានចូលដល់រយៈពេល ៣សប្ដាហ៍ពេញ ការឡោមព័ទ្ធបានរឹតរ៉ឹងកាន់តែខ្លាំងនៅជុំវិញរដ្ឋធានី Kyiv, Mariupol, Chernihiv, និងទីក្រុង Kharkiv ហើយកងទ័ពរុស្ស៊ីបានបាញ់មីស៊ីលចូលទៅក្នុងតំបន់ជាយក្រុងនានា ដោយបានដាក់គោលដៅទៅលើមន្ទីរពេទ្យ សាលារៀន និងប្លុកអគារអឹផាតមិនខ្ពស់ៗ។

អង្គការសហប្រជាជាតិនិយាយថា នៅពេលនេះពលរដ្ឋអ៊ុយក្រែនជាង ៣លាននាក់ក្លាយជាជនភៀសខ្លួន និង ២លាននាក់កំពុងត្រូវបានភៀសខ្លួននៅក្នុងប្រទេស។ ចំណែកក្រុមមន្ត្រីអ៊ុយក្រែននិយាយថា អាចមានជនស៊ីវិលរាប់ពាន់នាក់បានស្លាប់រួចទៅហើយ។ គ្រាប់បែកក៏បានធ្លាក់ចំកណ្ដាលរដ្ឋធានី Kyiv ពេញមួយសប្ដាហ៍ផងដែរ ខណៈដែលទាហានរុស្ស៊ីទំនងជាមិនអាចរុលទៅមុខ ដោយបានត្រឹមតែបាញ់មីស៊ីលពីចម្ងាយដី ១៥គីឡូម៉ែត្រតែប៉ុណ្ណោះ។

ក្រុមមន្ត្រីក្នុងតំបន់និយាយថា កងកម្លាំងរុស្ស៊ីបានទម្លាក់គ្រាប់បែកលើមហោស្រពភាពយន្ត ជាទីដែលជនស៊ីវិលកំពុងស្នាក់នៅក្នុងជម្រកបណ្ដោះអាសន្នក្នុងទីក្រុងរងការហ៊ុមព័ទ្ធ Mariupol។ លោក Oleksiy Kuleba ប្រធានតំបន់រដ្ឋធានី Kyiv បាននិយាយលើកញ្ចក់ទូរទស្សន៍អ៊ុយក្រែនថា ទាហានរុស្ស៊ីកំពុងកែប្រែជីវភាពរបស់យើងឲ្យធ្លាក់ចូលក្នុងឋាននរក។ មនុស្សត្រូវអង្គុយក្នុងបន្ទប់ក្រោមដីទាំងយប់ ទាំងថ្ងៃ ដោយគ្មានអាហារ ទឹក និងអគ្គិសនី៕
អត្ថបទ៖ សុខមាន