រដ្ឋមន្រ្តីក្រសួងមហាផ្ទៃប៉ាគីស្ថានលោក Moshin Naqvi បាននិយាយកាលពីថ្ងៃសៅរ៍ថា ក្រុមអាជ្ញាធរ បានចាប់ខ្លួនមនុស្ស ៤នាក់ ដែលគេជឿថា បានជួយជនបំផ្ទុះគ្រាប់បែកអត្តឃាតដែលបានសម្លាប់មនុស្ស ៣២នាក់ នៅព្រះវិហារក្នុងទីក្រុងអ៊ីស្លាម៉ាបាដ កាលពីរយៈពេល ១ថ្ងៃមុន ។

លោក Naqviនិយាយប្រាប់សន្និសីទសារព័ត៌មានថា មនុស្ស ៤នាក់ រួមទាំងមេរួមគំនិតសង្ស័យ ត្រូវបានចាប់ខ្លួន បន្ទាប់ពីប្រតិបត្តិការនៅទីក្រុង Peshawar និងទីក្រុង Nowshera ។
លោកបន្តថា អំឡុងប្រតិបត្តិការនេះ មន្រ្តីប្រឆំាងអំពើភេរវកម្មម្នាក់ ត្រូវបានសម្លាប់ និងមនុស្ស ៣នាក់ផ្សេងទៀត រងរបួស ។
នៅក្នុងការវាយប្រហារកាលពីថ្ងៃសុក្រ បុរសម្នាក់ បានបើកការបាញ់ប្រហារដោយឥតញញើតដៃនៅបរវេណព្រះវិហារ Khadija Tul Kubra Imambargah ស្ថិតក្នុងតំបន់ជាយក្រុងនៃរដ្ឋធានីអ៊ីស្លាម៉ាបាដ ។ ក្រោយមកជនអត្តឃាតរូបនេះ បានបំផ្ទុះគ្រាប់បែក ដែលបានសម្លាប់មនុស្ស ៣២នាក់ និងបណ្តាលឲ្យមនុស្សជាង ១៧០នាក់ផ្សេងទៀត រងរបួស ។
ក្រុមរដ្ឋអ៊ិស្លាម បានប្រកាសទទួលស្គាល់ការវាយប្រហារនេះ ដែលជាការវាយប្រហារស្លាប់មនុស្សច្រើនបំផុតនៅទីក្រុងអ៊ីស្លាម៉ាបាដ ក្នុងរយៈពេលជាង ១ទសវត្សរ៍កន្លងមកនេះ ៕
