ព្រៃវែង៖ ប្រទេសកម្ពុជា បានសម្រេចលុបចោលលក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរមកពីបរទេសបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមាន ៧២ម៉ោង និងការធ្វើតេស្តរហ័សពេលមកដល់ ដើម្បីបើកឱ្យកាន់តែទូលាយ និងសម្រួលឱ្យកាន់តែមានភាពងាយ ស្រួលសម្រាប់អ្នកដំណើរក្នុងការចេញ-ចូលក្នុង និងក្រៅប្រទេស។
សេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃនេះ បានបញ្ជាក់ថា យោងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានសម្រចលុបចោលលក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរមកពីបរទេសត្រូវបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមាន ក្នុងរយៈពេល៧២ម៉ោង មុនពេលមកដល់កម្ពុជា។
លុបចោលការតម្រូវឱ្យធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជា។ អនុញ្ញាតឱ្យបើកដំណើរការ ឡើងវិញនូវការផ្តល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ ទាំងអ្នកដំណើរតាម ផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកនេះ នៅក្នុងពិធីសម្ពោធភូមិកុមារ SOS ក្នុងខេត្តព្រៃវែង បានបញ្ជាក់ថា ប្រៀបធៀបដោយមោទនភាព រវាងកម្ពុជា និងប្រទេសអភិវឌ្ឍន៍មួយចំនួន ដែលមានអ្នកឆ្លង និងស្លាប់ ដោយសារជំងឺកូវីដ-១៩យ៉ាងច្រើននោះ គឺកម្ពុជា ដែលជាប្រទេសតូច និងក្រ តែបានអនុវត្តបានដោយជោគជ័យលើការ គ្រប់គ្រង និងចាក់ស្រោចវ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋរបស់ខ្លួនបានរហូតដល់ជាង៩២ភាគរយ នៃប្រជាពលរដ្ឋទូទាំងប្រទេស និងកំពុងដំណើរការចាក់ឱ្យកុមារអាយុ៣ដល់៤ឆ្នាំ បានជិត៥០ភាគរយហើយដែរ។
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ដែរ ទោះបីមានការលុបចោលលក្ខខណ្ឌតម្រូវទាំងពីរក៏ ដោយ ក៏អ្នកដំណើរទាំងអស់ គប្បីធ្វើតេស្តរហ័សដោយខ្លួនឯង។ អ្នកដំណើរទាំងអស់ ត្រូវបង្ហាញវិញ្ញាបនបត្របញ្ជាក់ការ ចាក់វ៉ាក់សាំងកូវីដ-១៩ នៅពេលមកដល់កម្ពុជា។ ចំពោះអ្នកដំណើរដែលពុំបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅតាមទីតាំង ដែលកំណត់ដោយក្រសួងសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច៕ អត្ថបទ៖ មុត សុទ្ធ
