នៅតាមដងផ្លូវក្នុងទីក្រុងឡាហាវ៉ាន់ មានសភាពស្ងប់ស្ងាត់ខុសពីធម្មតាកាលពីព្រឹកថ្ងៃសៅរ៍ រយៈពេល ១ថ្ងៃ ក្រោយរដ្ឋាភិបាលគុយបា ប្រកាសវិធានការចែកប្រេងឥន្ធនៈនៅទូទាំងប្រទេស ។
រដ្ឋាភិបាលបានប្រកាសវិធានការថ្មី ក្រោយសហរដ្ឋអាមេរិក បង្កើនសម្ពាធលើការផ្គត់ផ្គង់ថាមពលរបស់ប្រទេសមួយនេះ ។
ខណៈពេលនោះដែរ អនុរដ្ឋមន្រ្តីការបរទេសអ៊ុយបាលោក Carlos Fernández de Cossíoនិយាយប្រាប់ CNNថា គុយបានត្រៀមខ្លួនរួចរាល់សម្រាប់ការកិច្ចសន្ទនាដ៏មានអត្ថន័យណាមួយជាមួយសហរដ្ឋអាមេរិក ប៉ុន្តែខ្លួនពុំចង់ពិភាក្សាពីការផ្លាស់ប្តូររដ្ឋាភិបាលនោះឡើយ នៅក្នុងសេចក្តីអត្ថាធិប្បាយមួយ ដែលបានកើតឡើង ស្របពេលដែលរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បង្កើនសម្ពាធលើប្រទេសកោះមួយនេះ ឲ្យជជែកពីការផ្លាស់ប្តូររបប ។

លោក Carlos និយាយថា ពួកយើងមិនត្រៀមខ្លួនជជែកពីប្រព័ន្ធរដ្ឋធម្មនុញ្ញរបស់ពួកយើងនោះទេ ដូចដែលពួកយើងយល់ឃើញថា សហរដ្ឋអាមេរិកមិនទាន់ត្រៀមខ្លួនរួចដូចគ្នា សម្រាប់ការជជែកពីប្រព័ន្ធរដ្ឋធម្មនុញ្ញរបស់ពួកគេ ប្រព័ន្ធនយោបាយរបស់ពួកគេ និងការពិតសេដ្ឋកិច្ចរបស់ពួកគេ ។
លោក Trumpបានគំរាមដំឡើងពន្ធទំនិញមកកាន់សហរដ្ឋអាមេរិកលើប្រទេសណាមួយដែលបាននាំចេញប្រេងឥន្ធនៈទៅកាន់ប្រទេសគុយបា ។
ក្នុងពេលតែមួយនេះ ទីក្រុងវ៉ាស៊ីនតោន និយាយថា ពួកគេនឹងបង្កើនជំនួយមនុស្សធម៌ទៅកាន់ប្រទេសគុយបា ។ ក្រុមមន្រ្តីសហរដ្ឋអាមេរិក បានប្រកាសជំនួយបន្ថែម ៦លានដុល្លារ ធ្វើឲ្យជំនួយសរុបចាប់តាំងពីព្យុះកំណាច Melissa ឆ្នាំមុន កើនឡើងដល់ ៩លានដុល្លារ បើទោះបីជាមានកិច្ចខិតខំបន្ត ដើម្បីរារាំងការដឹកជញ្ជូនប្រេងឥន្ធនៈទៅកាន់ប្រទេសគុយបាក៏ដោយ ៕
