ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថា ការជជែកគ្នាដ៏ល្អកំពុងកើតឡើងពាក់ព័ន្ធនឹងសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន ហើយលោកបាននិយាយដោយពុំបានបរិយាយថា អ្វីៗអាចនឹងកើតឡើង ដោយសារលទ្ធផលនៃការចរចា ។
លោក Trumpនិយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One តាមផ្លូវទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Palm Beach ពេលរូបលោកធ្វើដំណើរទៅកាន់រមណីយដ្ឋាន Mar-a-Lago សម្រាប់ចុងសប្តាហ៍ថា ការជជែកគ្នាល្អខ្លាំងណាស់នៅថ្ងៃនេះ ត្រូវធ្វើជាមួយរុស្ស៊ី-អ៊ុយក្រែន ។
មេដឹកនាំសាធារណរដ្ឋរូបនេះ បានសន្យាបញ្ចប់សង្រ្គាមដែលបានចាប់ផ្តើមឡើងជាមួយការវាយលុយពេញបន្ទុករបស់រុស្ស៊ីលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ ២០២២ ប៉ុន្តែរយៈពេលជាង ១ឆ្នាំនៃអាណត្តិទី ២របស់លោក ការសន្យារបស់លោក Trumpនៅតែមិនទាន់អាចបំពេញបាន ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីថ្ងៃសុក្រថា ក្រុមអ្នកចរចាសហរដ្ឋអាមេរិក និងអ៊ុយក្រែន បានពិភាក្សាពីគោលដៅសម្រេចឲ្យបាននៅខែមីនា សម្រាប់ឲ្យរុស្ស៊ី និងអ៊ុយក្រែនយល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាព បើទោះបីជាពេលវេលាអាចនឹងយឺតយ៉ាវក៏ដោយ ដោយសារកង្វះការព្រមព្រៀងគ្នាលើបញ្ហាសំខាន់ គឺបញ្ហាដែនដី ។
ប្រភពបានឲ្យដឹងថា សហរដ្ឋអាមេរិក និងអ៊ុយក្រែន បានពិភាក្សាផងដែរលើការរំពឹងការធ្វើប្រជាមតិ និងការបោះឆ្នោតនៅខែឧសភាខាងមុខ ។
ដោយឡែកកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ លោក Steve Witkoff គឺជាប្រេសិតពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថា គណៈប្រតិភូមកពីសហរដ្ឋអាមេរិក អ៊ុយក្រែន និងរុស្ស៊ី បានឯកភាពគ្នាដោះដូរឈ្លើយសឹកចំនួន ៣១៤នាក់ ។
លោក Witkoff និយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Xថា ខណៈការងារសំខាន់នៅមាន ជំហានបែបនេះបញ្ជាក់ថា ការចូលរួមវិស័យការទូត កំពុងផ្តល់លទ្ធផលជាក់ស្តែង ហើយនិងជំរុញកិច្ចខិតខំ ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ៕