ប្រទេសអេស្ប៉ាញ និងព័រទុយហ្គាល់ កំពុងតែត្រៀមខ្លួនសម្រាប់ព្យុះថ្មីមួយទៀតឈ្មោះ Marta ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីទឹកជំនន់ដ៏កំណាចបណ្ដាលមកពីព្យុះ Leonardo បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២នាក់ ដែលមានម្នាក់នៅព័រទុយហ្គាល់ និងម្នាក់នៅអេស្ប៉ាញ ហើយបានបង្កការខូចខាត និងបង្ខំឱ្យប្រជាជនជាង ១១.០០០នាក់ ជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ។
កាលពីថ្ងៃសៅរ៍ (៧ កុម្ភៈ) អាជ្ញាធរព័រទុយហ្គាល់ បានដាក់ពង្រាយក្រុមជួយសង្គ្រោះជាង ២៦.៥០០នាក់ នៅពេលព្យុះ Marta ខិតជិតមកដល់ ដែលបង្ខំឱ្យទីក្រុងចំនួន៣ ពន្យារពេលការបោះឆ្នោតប្រធានាធិបតីថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ នេះ រហូតដល់សប្តាហ៍ក្រោយ ដោយសារអាកាសធាតុអាក្រក់។

ប្រទេសទាំងពីរបានចេញការព្រមានអំពីទឹកជំនន់បន្ថែមទៀត បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងពីមុន បានជន់លិចផ្លូវថ្នល់ រំខានដល់សេវាកម្មរថភ្លើង និងបានជម្លៀសមនុស្សរាប់ពាន់នាក់។ ទីភ្នាក់ងារព្យាករអាកាសធាតុរបស់ព័រទុយហ្គាល់ បានព្រមានអំពីភ្លៀងធ្លាក់ខ្លាំង ខ្យល់បក់ខ្លាំង និងរលកសមុទ្រដ៏ខ្លាំងក្លា ជាមួយនឹងការព្រមានជាបន្ទាន់ទូទាំងប្រទេស។
ទីភ្នាក់ងារឧតុនិយមជាតិ Aemet របស់អេស្ប៉ាញ បាននិយាយថា នៅតំបនភាគច្រើននៃប៉ែកភាគខាងត្បូងអេស្ប៉ាញ ជាពិសេសតំបន់ Andalusia និងភាគពាយព្យ ត្រូវបានដាក់ឱ្យស្ថិតក្នុងការប្រុងប្រយ័ត្នកម្រិតពណ៌លឿងទុំ សម្រាប់ភ្លៀងធ្លាក់ខ្លាំងនិងព្យុះដ៏ខ្លាំងក្លា។ ទោះជាកម្រិតទឹកភ្លៀង ត្រូវបានរំពឹងថានឹងមិនសូវមាន «លក្ខណៈខ្លាំងក្លា» ជាងអំឡុងពេលព្យុះ Leonardo ក៏ដោយ ក៏ប៉ុន្តែអាជ្ញាធរបានព្រមានថា ដីសើមរួចទៅហើយ បានបង្កើនហានិភ័យនៃទឹកជំនន់ និងបំណាក់ដីដ៏គ្រោះថ្នាក់៕

