បាតុករមួយក្រុមប្រហែល ១០០នាក់ បានគប់កាំជ្រួចភ្ញី គ្រាប់បែកផ្សែង និងដបដាក់ទៅលើនគរបាល ដែលនាំឱ្យមានការប៉ះទង្គិចយ៉ាងតានតឹងរយៈពេលខ្លី បន្ទាប់ពីបាតុករទាំងនោះបានបំបែកចេញពីក្រុមអ្នកតវ៉ាសំខាន់មួយក្រុមធំនៅក្នុងទីក្រុងមីឡាន ដែលជាម្ចាស់ផ្ទះអូឡាំពិក កាលពីថ្ងៃសៅរ៍ (៧ កុម្ភៈ)។

នគរបាលក្នុងសម្លៀកពាក់ឈុតប្រឆាំងកុបកម្ម និងប្រើខែលការពារខ្លួន បានឆ្លើយតបដោយការបាញ់ទឹកដាក់ហ្វូងបាតុករ ដើម្បីព្យាយាមបំបែកក្រុមនេះ ដែលអ្នកខ្លះពាក់មួកនិងកន្សែងដើម្បីបិទបាំងមុខ។ សណ្តាប់ធ្នាប់ត្រូវបានស្តារឡើងវិញបន្ទាប់ពីប៉ុន្មាននាទីក្រោយមក។ ប្រភពពីនគរបាលបាននិយាយថា មនុស្ស ៦នាក់ ត្រូវបានឃុំខ្លួនក្នុងអំឡុងពេលប៉ះទង្គិចនោះ។
បាតុករមួយក្រុមធំ ដែលមានមនុស្សប្រមាណ ១០.០០០នាក់ បានចេញតាមដងផ្លូវនៃទីក្រុងមីឡាន ក្នុងការតវ៉ាមួយជុំវិញបញ្ហាថ្លៃលំនៅឋាន និងកង្វល់បរិស្ថាន នៅថ្ងៃដំបូងនៃការប្រកួតកីឡាអូឡាំពិករដូវរងា Milano Cortina។ ការដង្ហែក្បួន ដែលរៀបចំឡើងដោយសហជីពមូលដ្ឋាន ក្រុមសិទ្ធិលំនៅដ្ឋាន និងសកម្មជនសហគមន៍មជ្ឈមណ្ឌលសង្គមនេះ ចង់បានរបញ្ជាក់ពីអ្វីដែលសកម្មជនហៅថា គំរូទីក្រុងដែលមិនមាននិរន្តរភាពកាន់តែខ្លាំងឡើង ដោយសារការកើនឡើងនៃថ្លៃជួលផ្ទះ និងវិសមភាពកាន់តែជ្រៅ។
បាតុកម្មនេះត្រូវបានគេមើលឃើញថាជាចំណុចក្តៅគគុកមួយ បន្ទាប់ពីការប្រមូលផ្ដុំគ្នាកាលពីចុងសប្តាហ៍មុន ដោយក្រុមឆ្វេងនិយមនៅទីក្រុង Turin បានប្រែក្លាយទៅជាអំពើហិង្សា ដោយមានមន្ត្រីនគរបាលជាង ១០០ នាក់រងរបួស និងបាតុករជិត ៣០ នាក់ត្រូវបានចាប់ខ្លួន នេះបើយោងតាមទិន្នន័យបស់ក្រសួងមហាផ្ទៃអ៊ីតាលី៕


