ប្រជាជនជប៉ុន តស៊ូធ្វើដំណើរទៅកាន់ការិយាល័យបោះឆ្នោត ក្រោមព្រិលធ្លាក់យ៉ាងខ្លាំងក្លាស្ទើរទូទាំងប្រទេសនៅថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ នេះ ដែលអាចប៉ះពាល់តួលេខអ្នកចេញទៅបោះឆ្នោតជាក់ស្ដែង ប៉ុន្តែបានផ្តល់ឱកាសដល់អ្នកបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិកចំនួន ១០៣ លាននាក់ ក្នុងការសម្រេចចិត្តលើនាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ប្រទេស គឺលោកស្រី Sanae Takaichi និងក្រុមចម្រុះដែលទើបបង្កើតថ្មីរវាងគណបក្សប្រជាធិបតេយ្យសេរីនិយម របស់លោកស្រី និងគណបក្សនវានុវត្តន៍ជប៉ុន។

ព្រិលបានគ្របដណ្តប់លើទីក្រុងតូក្យូ និងទីក្រុងនានាតាមបណ្តោយឆ្នេរសមុទ្រភាគខាងលិច ខណៈការិយាល័យបោះឆ្នោតជាង ៤៤.០០០កន្លែង ទូទាំងប្រទេស បានបើកនៅម៉ោងក្នុងស្រុក ៧ ព្រឹក។ គិតត្រឹមម៉ោងក្នុងស្រុក ១១ ព្រឹក អ្នកបោះឆ្នោតដែលបានចុះឈ្មោះចំនួន ៧,១៧% បានបោះឆ្នោតរួចរាល់ហើយ ដែលធ្លាក់ចុះ ៣,២៦% ពីពេលវេលាដូចគ្នាក្នុងអំឡុងបោះឆ្នោតសភាជាន់ទាបលើកមុន។
ទីភ្នាក់ងារឧតុនិយមធ្លាប់បានព្យាករថា ថ្ងៃបោះឆ្នោតនឹងមានព្រិលធ្លាក់ខ្លាំងបំផុតនៅរដូវរងានេះ ហើយបានព្រមានអំពីព្យុះព្រិលនៅភាគខាងជើងប្រទេសជប៉ុន និងលទ្ធភាពនៃព្រិលធ្លាក់យ៉ាងក្រាស់ឃ្មឹកនៅលើឆ្នេរសមុទ្រប៉ាស៊ីហ្វិក ដែលជាធម្មតាធ្លាប់តែស្ងួតហួតហែង។
ព្រិលធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដែលគ្របដណ្តប់លើតំបន់នានានៃប្រទេសនេះ អាចធ្វើឱ្យអ្នកបោះឆ្នោតមួយចំនួនមិនអាចទៅបោះឆ្នោតបាន ចំណែកអ្នកបោះឆ្នោតមួយចំនួនទៀតត្រូវតស៊ូនឹងព្យុះព្រិលដើម្បីទៅទម្លាក់សន្លឹកឆ្នោតរបស់ពួកគេ និងសម្រេចលើរបស់ជោគវាសនារដ្ឋបាលរបស់លោកស្រី Takaichi។ ការស្ទង់មតិជាច្រើនបង្ហាញថា ក្រុមចម្រុះអភិរក្សនិយមរបស់លោកស្រី Takaichi ត្រូវបានព្យាករថា នឹងឈ្នះប្រហែល ៣០០អាសនៈ ក្នុងចំណោម ៤៦៥អាសនៈ នៅក្នុងសភាជាន់ទាប ដែលជាកំណើនយ៉ាងខ្លាំងពីចំនួន ២៣៣អាសនៈដែលខ្លួនកំពុងកាន់កាប់បច្ចុប្បន្ន៕


