យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នៅថ្ងៃអាទិត្យ (៨ កុម្ភៈ) នេះបានឱ្យដឹងថា កូរ៉េខាងជើង នឹងកោះប្រជុំសមាជលើកទី៩ នៅចុងខែកុម្ភៈ នេះនៅទីក្រុងព្យុងយ៉ាង ដោយមិនបានលម្អិតអំពីកាលបរិច្ឆេទជាក់លាក់នោះទេ។

KCNA បាននិយាយថា ការិយាល័យនយោបាយរបស់គណបក្សពលករ ដែលកំពុងកាន់អំណាច បានបើកកិច្ចប្រជុំមួយនៅថ្ងៃសៅរ៍កន្លងទៅ ដើម្បីត្រៀមរៀបចំសម្រាប់សមាជខាងមុខនេះ រួមទាំងរបៀបវារៈ និងពេលវេលាផងដែរ។
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានទៅទស្សនកិច្ចមូលដ្ឋានយោធា និងទីតាំងសេដ្ឋកិច្ចជាច្រើនមុនពេលសមាជ ដូចជាកន្លែងបាញ់មីស៊ីលបាលីស្ទិក និងកសិដ្ឋានផ្ទះកញ្ចក់ទ្រង់ទ្រាយធំមួយផងដែរ ដើម្បីលើកកម្ពស់សមិទ្ធផលរបស់លោក នៅក្នុងគោលនយោបាយជាតិ។
សមាជនេះគឺជាព្រឹត្តិការណ៍នយោបាយដ៏ធំបំផុតមួយរបស់កូរ៉េខាងជើង ដែលធ្វើឡើងរៀងរាល់ ៥ឆ្នាំម្តង ដើម្បីកំណត់គោលដៅគោលនយោបាយសំខាន់ៗ។ ក្រុមអ្នកវិភាគកំពុងតាមដានយ៉ាងដិតដល់នូវក្បួនដង្ហែរយោធាណាមួយ ដែលប្រទេសនេះត្រូវបានរំពឹងថា នឹងធ្វើឡើងអមជាមួយសមាជ ដែលនឹងបង្ហាញឱ្យឃើញនូវសព្វាវុធជាច្រើនប្រភេទ និងវត្តមានភ្ញៀវកិត្តិយសកម្រិតខ្ពស់ជាច្រើនអាចនឹងបង្ហាញខ្លួន៕

