មន្ត្រីរដ្ឋបាលលោក Trump ពីររូបបាននិយាយកាលពីថ្ងៃសៅរ៍ (៧ កុម្ភៈ) ថា ប្រធានាធិបតីអាមេរិក លោក Donald Trump មានគម្រោងកោះប្រជុំលើកដំបូងនៃ «ក្រុមប្រឹក្សាសន្តិភាព» របស់លោកនៅក្នុងខែកុម្ភៈនេះ នៅទីក្រុងវ៉ាស៊ីនតោន ដើម្បីរៃអង្គាសប្រាក់សម្រាប់ការកសាងឡើងវិញនូវតំបន់ហ្កាហ្សា។

ប្រភពទាំងនេះបន្តថា កិច្ចប្រជុំដែលត្រូវបានស្នើឡើងសម្រាប់ថ្ងៃទី១៩ ខែកុម្ភៈ ខាងមុខនេះ នឹងរួមបញ្ចូលទាំងបណ្ដាមេដឹកនាំពិភពលោក ដែលបានទទួលយកការអញ្ជើញរបស់លោក Trump កាលពីខែមករា ក្នុងការចូលរួមក្នុងក្រុមប្រឹក្សាភិបាល ក៏ដូចជាសមាជិកនៃគណៈកម្មាធិការប្រតិបត្តិសម្រាប់តំបន់ហ្កាហ្សា ដែលនឹងត្រួតពិនិត្យភាពជាក់លាក់នៃអភិបាលកិច្ច សន្តិសុខ និងការអភិវឌ្ឍឡើងវិញនៃទឹកដីប៉ាឡេស្ទីនមួយនេះ។
មន្ត្រីបាននិយាយទៀតថា គេមិនទាន់ច្បាស់ភ្លាមៗទេថា តើមានមេដឹកនាំប៉ុន្មានរូបនឹងទទួលយកការអញ្ជើញរបស់លោក Trump ពីព្រោះកិច្ចប្រជុំនេះមិនទាន់ត្រូវបានប្រកាសជាផ្លូវការនៅឡើយទេ ហើយព័ត៌មានលម្អិតអំពីរបៀបវារៈនៅតែមិនទាន់សម្រេចចុងក្រោយ។ មន្ត្រីម្នាក់បាននិយាយថា រដ្ឋបាលរំពឹងថានឹងមានការចូលរួមយ៉ាង «រឹងមាំ»។
ច្បាប់ចម្លងនៃលិខិតអញ្ជើញ ដែលត្រូវបានផ្ញើនៅយប់ថ្ងៃសុក្រកន្លងទៅ ទៅកាន់អ្នកចូលរួមក្រុមប្រឹក្សាសន្តិភាពនេះ ហើយត្រូវបានមើលឃើញដោយសារព័ត៌មាន AP បាននិយាយថា កិច្ចប្រជុំនេះនឹងត្រូវបានធ្វើឡើងនៅ វិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក ដែលឥឡូវនេះត្រូវបានគេស្គាល់ថាជាមួយនឹងឈ្មោះថ្មីថា «វិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក Donald J. Trump»៕

