កាលពីថ្ងៃសៅរ៍ (៧ កុម្ភៈ) ការព្រមានអំពីទឹកជំនន់រាប់សិបករណី ត្រូវបានដាក់ចេញដោយអាជ្ញាធរចក្រភពអង់គ្លេស រួមជាមួយនឹងការជូនដំណឹងឱ្យប្រុងប្រយ័ត្នជាង ២៥០ករណី ខណៈភ្លៀងធ្លាក់ឥតឈប់ឈរនៅតែបន្តវាយប្រហារចក្រភពអង់គ្លេស។ ទីភ្នាក់ងារបរិស្ថាន (EA) បានចេញការព្រមានចំនួន ៧៧ករណី សម្រាប់ដែនដីអង់គ្លេស មានន័យថា ទឹកជំនន់ត្រូវបានគេរំពឹងថានឹងកើតឡើង ដែលភាគច្រើនប្រមូលផ្តុំនៅភាគនិរតី និងតំបន់ Midlands។
ការជូនដំណឹងឱ្យប្រុងប្រយ័ត្នអំពីទឹកជំនន់ចំនួន ២៤៤ករណី បន្ថែមទៀតកំពុងត្រូវបានអនុវត្ត មានន័យថាទឹកជំនន់អាចកើតមាន ដែលលាតសន្ធឹងពីតំបន់ North Yorkshire ដល់តំបន់ Cornwall និងពីព្រំដែនតំបន់ Welsh ដល់ Norfolk។ ដែនដីវែលស៍មានការជូនដំណឹងឱ្យប្រុងប្រយ័ត្នអំពីទឹកជំនន់ចំនួន ១១ករណី ផ្សេងទៀតនៅទូទាំងព្រំដែន ហើយដែនដីស្កុតឡែន មានការព្រមានអំពីទឹកជំនន់មួយករណី និងការជូនដំណឹងឱ្យប្រុងប្រយ័ត្នអំពីទឹកជំនន់ចំនួន ៥ករណី។

អាកាសធាតុដែលនឹងមានភ្លៀងធ្លាក់បន្ថែមទៀត ត្រូវបានព្យាករទុកនៅតំបន់ធំៗ កាលពីថ្ងៃសៅរ៍ រួមទាំងភ្លៀងធ្លាក់ខ្លាំងនៅភាគនិរតី និងភ្លៀងធ្លាក់ខ្លាំងនៅភាគខាងត្បូងដែនដីវែលស៍។ នៅថ្ងៃអាទិត្យនេះ ការព្យាករមានភាពចម្រុះជាងមុន ដោយមានភ្លៀងធ្លាក់ខ្លះ និងពន្លឺថ្ងៃខ្លះ មុនពេលស្ថានភាពសើម និងខ្យល់បក់ខ្លាំង នឹងចាប់ផ្តើមឡើងវិញនៅដើមសប្តាហ៍ក្រោយ។
ការិយាល័យឧតុនិយមបានប្រកាសនៅសប្តាហ៍នេះថា ភ្លៀងបានធ្លាក់ជារៀងរាល់ថ្ងៃនៃឆ្នាំ២០២៦ នេះ នៅភាគនិរតី និងភាគខាងត្បូងនៃដែនដីវែលស៍។ ក្រុមអ្នកព្យាករអាកាសធាតុបាននិយាយថា តំបន់ទាំងពីរបានប្រឈមមុខនឹងភ្លៀងធ្លាក់ច្រើនជាងធម្មតា ៥០% សម្រាប់ខែមករាកន្លងទៅ៕

