នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ត្រូវបានគេរំពឹងថា នឹងជួបពិភាក្សាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នៅថ្ងៃពុធ សប្ដាហ៍ក្រោយនេះ នៅទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាពីកិច្ចចរចារបស់អាមេរិកជាមួយអ៊ីរ៉ង់ កាលពីពេលកន្លងទៅ នេះបើតាមការិយាល័យរបស់លោក Netanyahu បាននិយាយកាលពីថ្ងៃសៅរ៍ (៧ កុម្ភៈ)។
ក្រុមមន្ត្រីអ៊ីរ៉ង់ និងអាមេរិក បានធ្វើកិច្ចចរចានុយក្លេអ៊ែរដោយប្រយោល នៅរដ្ឋធានីម៉ាស្កាត ប្រទេសអូម៉ង់ កាលពីថ្ងៃសុក្រកន្លងទៅ។ ទោះជាមិនទាន់មានកិច្ចព្រមព្រៀងធំដុំក៏ដោយ ប៉ុន្តែភាគីទាំងពីរបាននិយាយថា កិច្ចចរចាជាច្រើនទៀតត្រូវរំពឹងថានឹងធ្វើឡើងម្តងទៀតក្នុងពេលឆាប់ៗ។ អ្នកការទូតក្នុងតំបន់ ដែលត្រូវបានទីក្រុងតេអេរ៉ង់ជម្រាបជូនពីកិច្ចចរចានេះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា អ៊ីរ៉ង់បានទទូចលើ «សិទ្ធិក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម» ក្នុងអំឡុងពេលចរចាជាមួយអាមេរិក ហើយថា សមត្ថភាពមីស៊ីលរបស់ទីក្រុងតេអេរ៉ង់ មិនត្រូវបានលើកឡើងក្នុងការពិភាក្សានោះទេ។

ការិយាល័យលោក Netanyahu បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា «លោកនាយករដ្ឋមន្ត្រីជឿជាក់ថា កិច្ចចរចាណាមួយត្រូវតែរួមបញ្ចូលការកំណត់លើមីស៊ីលបាលីស្ទិក និងការបញ្ឈប់ការគាំទ្រដល់ក្រុមប្រយុទ្ធតំណាង (ប្រូកស៊ី) របស់អ៊ីរ៉ង់»។ កិច្ចប្រជុំនៅថ្ងៃពុធ ទី១១ ខែកុម្ភៈ សប្ដាហ៍ក្រោយនេះ នឹងជាជំនួបលើកទី៧ហើយ រវាងលោក Netanyahu និងលោក Trump ចាប់តាំងពីប្រធានាធិបតីអាមេរិករូបនេះ បានវិលត្រឡប់មកកាន់តំណែងវិញនៅក្នុងខែមករា ឆ្នាំមុនមក។
ដំបូងឡើយ មេដឹកនាំទាំងពីរត្រូវបានរំពឹងថានឹងជួបគ្នានៅថ្ងៃពុធ ទី១៨ ខែកុម្ភៈ ប៉ុន្តែការចរចាត្រូវបានប្ដូរមកធ្វើមុនពេលកំណត់ ស្របពេលការចូលរួមឡើងវិញជាមួយអ៊ីរ៉ង់។ អ្នកនាំពាក្យរបស់លោក Netanyahu មិនបានធ្វើអត្ថាធិប្បាយភ្លាមៗពីមូលហេតុដែលកាលបរិច្ឆេទត្រូវបានផ្លាស់ប្តូរនោះទេ៕

