ភ្នំពេញ ៖ ប្រទេសកម្ពុជានឹងធ្វើជាប្រទេសកិត្តិយសក្នុងពិព័រណ៍ ពាណិជ្ជកម្ម ចិន-អាស៊ាន នាខែកញ្ញា ខាងមុខ។ នេះបើតាមមន្ត្រី នៃអគ្គនាយកជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម។
ពិព័រណ៍ ពាណិជ្ជកម្ម ចិន-អាស៊ានលើកទី១៥ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកញ្ញាខាងមុខ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន ក្នុងនោះប្រទេសកម្ពុជានឹងធ្វើជាប្រទេសកិត្តិយស ស្របពេលទំនាក់ទំនងការទូត កម្ពុជា-ចិន បានឈានចូលគម្រប់ខួបលើកទី៦០ ក៏ដូចជាគម្រប់ខួបលើកទី១៥ ក្នុងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រចិន-អាស៊ាន ។
ឯកឧត្តម ស៊ាង ថៃ អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម បានថ្លែងថា ពិព័រណ៍ ខាងលើនេះ ជាវេទិកាដ៏សំខាន់មួយ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយការទូត ព្រមទាំងវប្បធម៌ រវាងប្រទេសទាំងពីរ ជាពិសេសបង្កើត កាលានុវត្តនភាព វិនិយោគនិងសកម្មភាព ពាណិជ្ជកម្ម ដើម្បីជំរុញសមាហរណកម្ម សេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាពង្រីកគោកដៅ ទីផ្សារទាំងក្នុង និងក្រៅប្រទេស ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ គ្រប់ជ្រុងជ្រោយលើវិស័យ ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ។
ឯកឧត្តម បានបន្ថែមថា ក្រៅពីការតាំងបង្ហាញផលិតផល និងសេវា យើងនឹងរៀបចំ សិក្ខាសាលាផ្សព្វផ្សាយ ពីគោលនយោបាយវិនិយោគ និងបរិយាកាសធ្វើធុរកិច្ចនៅកម្ពុជា អមដោយពិធីចុះហត្ថលេខា លើគម្រោងវិនិយោគ និងបរិយាកាស ធ្វើធុរកិច្ចនៅកម្ពុជាអមដោយពិធីចុះហត្ថលេខា លើគម្រោង វិនិយោគមួយចំនួន។
ក្រៅពីនេះ នឹងមានរៀបចំវេទិកាវិនិយោគ កម្ពុជា-ចិន លើកទី៣ និងកម្មវិធីទស្សនកិច្ច របស់ពាណិជ្ជករកម្ពុជា ទៅកាន់ប្រទេសចិន ដើម្បីស្វែងរកដៃគូធ្វើអាជីវកម្ម។ សម្រាប់កម្មវិធីពិព័រណ៍ ពាណិជ្ជកម្ម ចិន-អាស៊ាន ជារៀងរាល់ឆ្នាំកម្ពុជា តែងតែរៀបចំពន្លាជាតិ ដើម្បីបង្ហាញពីកិត្តិនាម របស់ប្រទេសដល់អ្នកចូលរួម ឲ្យបានស្គាល់កាន់តែច្បាស់ ពីប្រទេសកម្ពុជា។
សម្រាប់ឆ្នាំ២០១៨នេះ កម្ពុជានឹងរៀបចំជាពន្លាជាតិមួយ ដោយយកប្រាសាទសំបូរ ព្រៃគុកក្នុងខេត្តកំពង់ធំ ធ្វើជាទីក្រុងស្រស់ប្រិមប្រិយ និងមានអគារមួយទំហំ ៤៥X៦០ម៉ែត្រ ដែលអាចរៀបចំបាន១៤៦ស្តង់ សម្រាប់បង្ហាញផលិតផល និងសេវារបស់ប្រទេសផងដែរ ៕
