ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើការពន្យល់ជូនជនរួមជាតិ ជាពិសេសសារទៅកាន់ក្រុមអ្នកវិភាគមួយចំនួនដែលសម្តេចបានហៅថា ជាល្ងង់ទូ តែងតែបានលើកឡើងថា ប្រធានអាស៊ានលើកពេលវេលាដោយសារមិនចង់ប្រជុំជាមួយ នឹងអាមេរិកនោះ, សម្តេចថា៖ ដូចសម្តេចធ្លាប់បានផ្ញើសារទៅរួចហើយថា៖ សម្រាប់ខែ៥ខាងមុខនេះ សម្តេច មានកិច្ចការជាច្រើននៅក្នុងប្រទេសដែលត្រូវធ្វើជាពិសេសការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់បានមកដល់។
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវភូមិកុមារSOS ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៧មីនានេះ សម្តេចបានមានប្រសាសន៍ថា៖ សម្ដេចធ្លាប់បានមានប្រសាសន៍ហើយថា ឆ្នាំនេះ សម្ដេចរវល់ណាស់ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ទោះបីជាមានការកាត់ចោលនូវកម្មវិធី ក្រៅប្រទេសខ្លះដោយសារមានកម្មវិធីនៅក្នុងប្រទេស ប៉ុន្តែកន្លងទៅនេះ គឺមានការបកស្រាយដោយបំភ្លៃការពិតទៅលើការប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ និង២៩មីនា។ចំណុចនេះ ត្រូវបានបកស្រាយខុសដោយមនុស្សមួយចំនួនថាប្រធានអាស៊ានមិនយល់ស្របក្នុងការប្រជុំរវាងអាស៊ាននិងអាមេរិចទេ។
សម្ដេចតេជោ បានបន្តថា បើតាមកម្មវិធីឃើញថា ប្រធានាធិបតីអាមេរិកមានកម្មវិធីជាប់រវល់ចេញក្រៅប្រទេសនៅថ្ងៃ២៤ ដែលមិនអាចលើកពេលបានដោយមានការសម្របសម្រួលជាមួយនឹងក្រុមណាតូនៅអឺរ៉ុបរួចស្រេចទៅហើយ។ ឯចំពោះមេដឹកនាំអាស៊ានគឺប្រទេសនីមួយៗមានកម្មវិធីរៀងរៀងខ្លួន។អ៊ីចឹងទេ សម្ដេចក៏បានពន្យល់ចំពោះប្រជាពលរដ្ឋរបស់យើងសូមឲ្យយល់អំពីការដែលកម្ពុជាជាសមាជិកអាស៊ានម្នាក់ ប៉ុន្តែជាប្រធានអាស៊ាននេះ គ្មានសិទ្ធិក្នុងការកំណត់កាលបរិច្ឆេទទេ។
ប្រធានអាស៊ានមានសិទ្ធិត្រឹមតែបញ្ចេញយោបល់លើការសម្របសម្រួលអំពីពេលវេលាដើម្បីឱ្យមានការឯកភាពគ្នា(កុងសង់ស៊ីស)ក្នុងអាស៊ាន១០ ហើយអ្នកដែលត្រូវសម្របសម្រួលគឺឥណ្ឌូនេស៊ី ឯនោះទេ។ដូច្នេះសូមកុំយល់ច្រឡំហើយសូមអ្នកដែលមិនយល់ឲ្យទៅរៀនពីការងារអាស៊ានឡើងវិញហើយសម្ដេចសង្ឃឹមថា អស់លោកជាបណ្ឌិត ឬសាស្ត្រាចារ្យកិច្ចការអន្តរជាតិជាដើម។ល។ សូមរៀនសូត្រ ឲ្យចេះដឹងច្រើនជាងនេះ កុំឱ្យគេហៅថាល្ងង់ទូព្រោះប្រទេសរបស់យើងមានសេតវិទូ ទស្សនវិទូ ប៉ុន្តែក៏មានល្ងង់ទូដែរ ។
សម្ដេចក៏បានបន្តថា ការដែលមិនមានការចេះដឹងគ្រប់គ្រាន់បែបនេះហើយ គឺធ្វើឱ្យចេញទៅជាមនុស្សបែបបោកប្រាស់,ឧទាហរណ៍ដូចជាការទម្លាក់កំហុសមកឲ្យប្រធានអាស៊ានដែលថាប្រធានអាស៊ាន អត់ចង់ប្រជុំ រវាងអាស៊ាននិងអាមេរិកជាដើមនោះ៕ អត្ថបទ៖ មុត សុទ្ធ




