បញ្ជាការភាគខាងត្បូងរបស់ប្រទេសចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ (៧ កុម្ភៈ) ថា ប្រទេសចិន បានធ្វើប្រតិបត្តិការល្បាតតាមជើងទឹក និងផ្លូវអាកាស នៅសមុទ្រចិនខាងត្បូងដែលមានជម្លោះ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ សប្ដាហ៍នេះ។
សេចក្តីថ្លែងការណ៍នេះបាននិយាយថា «នៅក្នុងការប៉ុនប៉ងបង្កបញ្ហានៅសមុទ្រចិនខាងត្បូង ភាគីហ្វីលីពីនបាននាំបណ្ដាប្រទេសនៅក្រៅតំបន់ មកធ្វើការល្បាតតាមអាកាសទ្វេភាគី ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់»។

សេចក្តីថ្លែងការណ៍បន្តថា កងកម្លាំងនៃបញ្ជាការភាគខាងត្បូង នឹងនៅតែស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ និងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពទឹកដី សិទ្ធិ និងផលប្រយោជន៍ផ្លូវសមុទ្ររបស់ប្រទេសចិន។
ចិន និងហ្វីលីពីន បានប៉ះទង្គិចគ្នាម្តងហើយម្តងទៀត ជុំវិញដែនទឹកដ៏ចម្រូងចម្រាសនៅសមុទ្រចិនខាងត្បូង ដែលចិន អះអាងសិទ្ធិស្ទើរតែទាំងស្រុង។ ប្រទេសទាំងពីរ ស្ថិតក្នុងចំណោមប្រទេសមួយចំនួនផ្សេងទៀត ដែលក៏ប្រជែងគ្នាអះអាងសិទ្ធិនៅក្នុងដែនទឹកនេះ ដែលជាផ្លូវទឹកមានសារៈសំខាន់ជាយុទ្ធសាស្ត្រ និងជាកន្លែងសម្រាប់នេសាទដ៏មានតម្លៃ៕

