ភ្នំពេញ៖ នៅថ្ងៃនេះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសលោក សម រង្ស៉ី និងជនដែលរួមគំនិតចំនួន ២០នាក់ទៀត ដាក់ពន្ធនាគាររយៈពេលពី៥ឆ្នាំទៅ១០ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ រួមគំនិតកក្បត់ និងបទញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម។
នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោស លោក សម រង្ស៉ី និងមេខ្លោងចំនួន៦រូបផ្សេងទៀត ឲ្យជាប់ពន្ធនាគារម្នាក់ៗរយេៈពេល ១០ឆ្នាំ ព្រមទាំងផ្តន្ទាទោសជនរួមគំនិតចំនួន១៤នាក់ទៀត ឲ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ប៉ុន្តែទោសនេះត្រូវបានអនុញ្ញាតឲ្យព្យួរទោសមួយចំនួន ក្រោមការចោទប្រកាន់ពីបទ « រួមគំនិតក្បត់ » និងបទ « ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម » តាមមាត្រា៤៥៣ មាត្រា៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ។
សវនាការនេះ មានសមាសភាពលោក រស់ ពិសិដ្ឋ ជាប្រធានក្រុមប្រឹក្សា លោក អ៊ឹម វណ្ណៈ និងលោកស្រី សឿង ចរិយា ជាចៅក្រមប្រឹក្សា និងខាងតំណាងអយ្យការមានលោក សេង ហៀង និងលោក សំម ឫទ្ធីវាសនា។
ការចោទប្រកាន់ខាងលើនេះ ពាក់ព័ន្ធនឹងអង្គហេតុនៃសេចក្តីអំពាវនាវរបស់បុគ្គល សម រង្ស៊ី ដែលបានបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ដែលមាន ខ្លឹមសារបង្កប់នូវការរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ក្រោមឧបាយកលអំពាវនាវញុះញង់កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋឲ្យផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៃ ព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា
