លោកប្រធានាធិបតី Volodymyr Zelenskyy បានថ្លែងក្នុងអំឡុងពេលសន្និសីទសារព័ត៌មានជាមួយក្រុមអ្នកសារព័ត៌មានថា សហរដ្ឋអាមេរិក និងរុស្ស៊ី អាចឈានដល់កិច្ចព្រមព្រៀងទ្វេភាគីដែលប៉ះពាល់ដល់អ៊ុយក្រែន ដោយគ្មានការចូលរួមពីទីក្រុងគីវ។

ការអត្ថាធិប្បាយរបស់លោក Zelenskyy កើតឡើងខណៈសកម្មភាពការទូតកាន់តែខ្លាំងក្លាជុំវិញកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមពេញបន្ទុករបស់រុស្ស៊ី ដោយកិច្ចចរចាត្រីភាគីដែលពាក់ព័ន្ធនឹងអ៊ុយក្រែន សហរដ្ឋអាមេរិក និងរុស្ស៊ី អាចនឹងបន្តឡើងវិញនៅសប្តាហ៍នេះ ដែលទំនងជានៅលើដីសហរដ្ឋអាមេរិក។ភាគីជម្លោះរុស្ស៊ី -អ៊ុយក្រែន បានបិទបញ្ចប់កិច្ចចរចាសន្តិភាពជុំទីពីរ សម្របសម្រួលដោយអាមេរិក នៅទីក្រុងអាប៊ូដាប៊ី អេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃព្រហស្បតិ៍ ៥ កុម្ភៈ ដើម្បីបញ្ចប់ជម្លោះដ៏បង្ហូរឈាមបំផុតរបស់អឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក ដោយភាគីទាំងពីរបានឯកភាពគ្នាត្រឹមការដោះដូរឈ្លើយសឹកដ៏សំខាន់មួយ និងយល់ព្រមបន្តកិច្ចចរចាជាថ្មីក្នុងពេលឆាប់ៗនេះ។

លោកនិយាយថា ដោយសារហានិភ័យដែលអាចកើតមាន គណៈប្រតិភូអ៊ុយក្រែនបានបង្ហាញពីជំហរថា ប្រសិនបើមានកិច្ចព្រមព្រៀងទ្វេភាគីណាមួយរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក បទប្បញ្ញត្តិទាក់ទងនឹងអ៊ុយក្រែនមិនអាចផ្ទុយនឹងរដ្ឋធម្មនុញ្ញបានទេ ដោយហាក់ដូចជាសំដៅទៅលើបញ្ហាទឹកដី។
លោកបានបន្ថែមថា សហរដ្ឋអាមេរិកកំពុងស្នើឱ្យបញ្ចប់សង្គ្រាមមុនពេលចាប់ផ្តើមរដូវក្តៅនេះ ហើយទំនងជានឹងដាក់សម្ពាធលើភាគីនានាស្របតាមពេលវេលានោះ។
ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បាននិយាយថា ទីក្រុងគីវ កំពុងទទួលបានសញ្ញាថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ អាចចុះហត្ថលេខាលើឯកសារទ្វេភាគី រួមទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផងដែរ៕

