ប្រធានក្រុមប្រឹក្សាទីក្រុងនិយាយថា មនុស្សយ៉ាងហោចណាស់៦នាក់បានស្លាប់ និង៧នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលអគារពីរជាប់គ្នាបានបាក់រលំនៅភាគខាងជើងទីក្រុងទ្រីប៉ូលីប្រទេសលីបង់។

លោក Abdel Hamid Karimeh និយាយក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងទ្រីប៉ូលី កាលពីថ្ងៃអាទិត្យ ប៉ុន្តែពុំបានបញ្ជាក់ថាមានមនុស្សប៉ុន្មាននាក់ដែលអាចនៅតែជាប់ក្រោមកម្ទេចកម្ទីបាក់បែក នៅក្នុងសង្កាត់ Bab al-Tabbaneh ភាគខាងជើងទីក្រុងនោះទេ។

ប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះកំពុងដំណើរការ ដោយមានក្រុមការពារជនស៊ីវិលគាំទ្រដោយកាកបាទក្រហមលីបង់និងទីភ្នាក់ងារផ្តល់ជំនួយនិងសង្គ្រោះបន្ទាន់ ដឹកនាំកិច្ចខិតខំប្រឹងប្រែងនេះ។
ប្រជាជនក្នុងសង្កាត់នេះក៏បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះផងដែរ ដោយប្រញាប់ប្រញាល់ជួយយកចេញកម្ទេចកម្ទី និងបង្កើតច្រកចេញនៅក្នុងអគារដែលបាក់រលំ។
សមាជិកនៃកងកម្លាំងសន្តិសុខក្រសួងមហាផ្ទៃ និងនគរបាលទីក្រុងទ្រីប៉ូលី បានជម្លៀសពលរដ្ឋចេញពីអគារលំនៅឋានដែលនៅជាប់នឹងអគារដែលបាក់រលំ ដោយខ្លាចឧបទ្ទវហេតុផ្សេងទៀត ក្នុងពេលមានការដាក់ពង្រាយបុគ្គលិកយោធាយ៉ាងច្រើន នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានជាតិគ្រប់គ្រងដោយរដ្ឋលីបង់។
យោងតាមសេចក្តីរាយការណ៍របស់ NNA បានឲ្យដឹងថា ប្រធានាធិបតីលីបង់ លោក Joseph Aoun បានបញ្ជាឱ្យអង្គភាពសេវាសង្គ្រោះបន្ទាន់ទាំងអស់ត្រូវប្រុងប្រយ័ត្នខ្ពស់ ដើម្បីជួយក្នុងប្រតិបត្តិការសង្គ្រោះ និងផ្តល់ទីជម្រកសម្រាប់ពលរដ្ឋនៅក្នុងអគារជិតខាង។