អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការកើនឡើងអំពើហិង្សាដ៏ខ្លាំងក្លាក្នុងប្រទេសស៊ូដង់ខាងត្បូង កាលពីថ្ងៃអាទិត្យដោយជំរុញឲ្យបញ្ឈប់ប្រតិបត្តិការយោធាជាបន្ទាន់ ខណៈមនុស្សរាប់លាននាក់ត្រូវការជំនួយមនុស្សធម៌សង្គ្រោះជីវិត។

លោកបានសរសេរលើបណ្ដាញសង្គម X ថា រូបលោកថ្កោលទោសយ៉ាងដាច់អហង្ការបំផុត ចំពោះអំពើហិង្សានៅស៊ូដង់ខាងត្បូងជាទីដែលមនុស្សជិត១០លាននាក់ ត្រូវការជំនួយមនុស្សធម៌សង្គ្រោះជីវិតជាចាំបាច់ និងជម្លោះដែលនៅតែបន្ត។
លោកអគ្គលេខាធិការរូបនេះ អំពាវនាវដល់គ្រប់ភាគីទាំងអស់បញ្ឈប់ប្រតិបត្តិការយោធា ទាំងឡាយ បន្ធូរបន្ថយភាពតានតឹង គោលរពច្បាប់អន្តរជាតិ ការពារជនស៊ីវិល និងធានាបាននូវការចូលសម្រាប់ជំនួយមនុស្សធម៌ បុគ្គលិកផ្ដល់ជំនួយ និងកងកម្លាំងការពារសន្តិសុខ។
អ្នកនាំពាក្យរងរបស់អង្គការសហប្រជាជាតិ លោក Farhan Haq បាននិយាយកាលពីចុងសប្ដាហ៍នេះថា ជម្លោះ ការវាយប្រហារ និងការលួចជំនួយមនុស្សធម៌ និងខ្វះទីតាំងសុខាភិបាល បានប៉ះពាល់ដល់ប្រតិបត្តិការ និងបានបិទសេវាសំខាន់ៗ ដោយបានទុកឲ្យជនស៊ីវិល និងបុគ្គលិកផ្ដល់ជំនួយស្ថិតក្នុងហានិភ័យធ្ងន់ធ្ងរ។
លោកថា ទីតាំងសុខាភិបាលយ៉ាងហោចណាស់១១កន្លែង ត្រូវបានរងការវាយប្រហារទូទាំងរដ្ឋ Jonglei State ចាប់តាំងពីចុងខែធ្នូមក ដោយរំខានដល់សេវាសង្គ្រោះជីវិត និង មានការរឹបអូសរថយន្ត១២គ្រឿង រួមទាំងរថយន្តសង្គ្រោះមួយគ្រឿងផង ។លោកបន្ថែមថា មនុស្សជាង៣៧០.០០០នាក់ ត្រូវបានភៀសខ្លួនដោយសារការវាយប្រយុទ្ធគ្នានៅឆ្នាំនេះ រួមទាំងជាង២៨០.០០០នាក់ ក្នុងរដ្ឋ Jonglei State ស្របពេលមានការរាលដាលជំងឺអាសន្នរោគយ៉ាងឆាប់រហ័សនិងធ្ងន់ធ្ងរ៕

