អាជ្ញាធរមូលដ្ឋានបាននិយាយកាលពីថ្ងៃអាទិត្យ (៨ កុម្ភៈ) ថា ទឹកជំនន់យ៉ាងគំហុក ដែលបណ្តាលមកពីព្យុះមួយនៅភាគខាងជើងប្រទេសម៉ារ៉ុក បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤នាក់ ខណៈប្រទេសនេះកំពុងជួបការលំបាកជាមួយនឹងភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ និងការបញ្ចេញទឹកពីទំនប់ទឹកដែលពេញលើសចំណុះ ដែលបង្ខំឱ្យមានការជម្លៀសប្រជាជនជាង ១សែននាក់រួចមកហើយ។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃ ដែលដកស្រង់សម្តីអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា កុមារ ៣នាក់ និងបុរសម្នាក់ បានស្លាប់នៅក្នុងរថយន្តមួយដែលត្រូវបានទឹកហូរនាំយកទៅឆ្ងាយ នៅក្នុងភូមិមួយក្បែរទីក្រុង Tétouan ចម្ងាយប្រហែល ២៧០គីឡូម៉ែត្រ ភាគខាងជើងនៃរដ្ឋធានីរ៉ាបា ហើយមនុស្សម្នាក់ទៀតនៅតែបាត់ខ្លួន។
អាជ្ញាធរមូលដ្ឋាននិយាយថា ពួកគេនឹងបើកការស៊ើបអង្កេតលើហេតុការណ៍នេះ។ មន្រ្តីមកពីទីភ្នាក់ងារឧតុនិយមនៃប្រទេសម៉ារ៉ុក បាននិយាយថា ទឹកជំនន់យ៉ាងគំហុកនេះ បណ្តាលមកពីប្រព័ន្ធព្យុះមួយប្រភេឈ្មោះ ម៉ាតា (Marta) ដែលបានរំកិលចូលទៅក្នុងម៉ារ៉ុក កាលពីចុងសប្តាហ៍មុន ហើយបានទម្លាក់ភ្លៀងរហូតដល់ ៩២មីលីម៉ែត្រ លើទីក្រុងមួយចំនួននៅភាគខាងជើង។ ព្យុះម៉ាតា ក៏បានវាយប្រហារអេស្ប៉ាញ និងព័រទុយហ្គាល់ ដែលនៅជិតខាងផងដែរ។
ប៉ុន្មានថ្ងៃមុននេះ ប្រទេសម៉ារ៉ុក ទើបតែបានឆ្លងកាត់ព្យុះមួយឈ្មោះ Leonardo ដែលបានវាយប្រហារភាគខាងជើងនៃទ្វីបអាហ្វ្រិក និងឧបទ្វីបអ៊ីបេរី របស់ខ្លួន។ នៅម៉ារ៉ុក ទឹកជំនន់ដែលបង្កឡើងដោយព្យុះ បានជន់លិចទំនប់ និងទន្លេ បំផ្លិចបំផ្លាញផ្ទះសម្បែង និងដំណាំ បង្កឱ្យមានបំណាក់ដីមួយចំនួន និងបង្ខំឱ្យមនុស្សជាង ១៥ម៉ឺននាក់ ជម្លៀសខ្លួនពីផ្ទះសម្បែង៕

