ភ្នំពេញ៖ ស្ថានភាពប្រេងឥន្ធនៈបានហក់ឡើងថ្លៃ ធ្វើឱ្យវិស័យសេវាដឹកជញ្ជូនក្រៅប្រព័ន្ធ មានការបន្ថែមតម្លៃសេវាដឹកជញ្ជូនខ្លះៗ ខណៈការដឹកជញ្ជូនលើផ្នែកមួយចំនួនផ្សេងទៀត នៅបន្តរក្សាតម្លៃជាធម្មតា។
លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាននៅថ្ងៃទី ១៥ ខែមិនាឆ្នាំ២០២២នេះថា បច្ចុប្បន្នដោយសារសង្រ្គាម រុស្សី អ៊ុយក្រែន គួបផ្សំនិងវិបត្តិជម្ងឺកូវីដ ១៩ បាននិងកំពុងជះឥទ្ធិពលធ្វើឲ្យមានការប្រែប្រួលថ្លៃប្រេងសាំង។
ចំពោះការហក់ឡើងពីតម្លៃប្រេងសាំងនេះ នឹងធ្វើឲ្យប៉ះពាល់ដល់វិស័យដឹកជញ្ជូន ជាពិសេសការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនផងដែរ។
លោកឧកញ៉ា បន្តថា ការដឹកជញ្ជូននៅតាមបណ្តាលផ្នែកមួយចំនួន គឺនៅរក្សាតម្លៃសេវាជាធម្មតា ខណៈការដឹកជញ្ជូនមួយផ្នែកផ្សេងទៀតបានបន្តឡើងថ្លៃខ្លះៗ តែស្ថិតនៅក្នុងការឡើងថ្លៃបន្តិចបន្ទួចតែប៉ុណ្ណោះ។
លោកឧកញ៉ា បន្តទៀតថា ប្រសិនបើតម្លៃប្រេងនៅតែបន្តហក់ឡើង សមាគមនឹងប្រជុំពិភាក្សាគ្នា ដើម្បីយកមតិរួម ធ្វើយ៉ាងណាមិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់ទំនិញដល់បណ្តារោងចក្រ សហគ្រាសនោះឡើយ។
ទាក់ទងពាណិជ្ជកម្មវិញ, លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងថា ចំពោះបញ្ហាប្រេងសាំងហក់ឡើងថ្លៃនេះ គឺមិនធ្វើឲ្យប៉ះពាល់ដល់ការបង្អាក់ដំណើរ ឬការបិតក្នុងសកម្មភាពអាជីវកម្ម ពាណិជ្ជកម្មនោះឡើយ ប្រសិនបើសេវាដឹកជញ្ជូនហក់ឡើងថ្លៃ សកម្មភាពអាជីវកម្ម និងពាណិជ្ជកម្ម នឹងអាចប្រែប្រួលទៅតាមនៃតម្លៃនោះផងដែរ។
សូមបញ្ជាក់ថា៖ តែចាប់ពីថ្ងៃទី ១៦ ដល់បំណាច់ចុងខែមីនា ប្រេងសាំងធម្មតាបានហក់ឡើង ៥ ៣០០ រៀល ក្នុង១លីត្រ, ប្រេងម៉ាស៊ូត ៥ ៣០០ ក្នុង១លីត្រ និងប្រេងសាំងស៊ុបពែរឡើងដល់ ៥ ៨៥០ រៀល ក្នុង១លីត្រ៕ អត្ថបទ៖ សុន រ៉ាឌី


