មេដឹកនាំជាន់ខ្ពស់ម្នាក់របស់ក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃអាទិត្យថា ចលនាអ៊ីស្លាមនិយមប៉ាឡេស្ទីន នឹងមិនបោះបង់ចោលអាវុធរបស់ខ្លួន ហើយក៏មិនទទួលយកអន្តរាគមន៍ពីបរទេស នៅក្នុងតំបន់ហ្កាហ្សាដែរ ដោយបានប្រឆាំងនឹងការទាមទាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

លោក ខាលីដ ម៉េសាល (Khaled Meshal) បានថ្លែងនៅក្នុងសន្និសីទមួយនៅទីក្រុងដូហានៃប្រទេស កាតាថា៖«ការធ្វើឲ្យក្រុមតស៊ូ អាវុធរបស់ខ្លួន និងអ្នកដែលកំពុងតស៊ូនោះ ក្លាយជាឧក្រិដ្ឋជន គឺជារឿងមួយដែលយើងមិនគួរទទួលយកនោះទេ។
លោក ម៉េសាល ដែលពីមុនបានដឹកនាំក្រុមនេះ បាននិយាយថា៖«ដរាបណាមានការកាន់កាប់ នៅតែមានការតស៊ូ។ ការតស៊ូ គឺជាសិទ្ធិរបស់ប្រជាជនដែលស្ថិតនៅក្រោមការកាន់កាប់នោះ...នេះគឺអ្វីដែលប្រជាជនពិតជាមានមោទនភាព»។
ក្រុមហាម៉ាស ដែលជាចលនាអ៊ីស្លាមមួយ បានធ្វើការតស៊ូប្រដាប់អាវុធប្រឆាំងនឹងអ្វីដែលខ្លួនមើលឃើញថា ជាការកាន់កាប់របស់អ៊ីស្រាអែលលើទឹកដីប៉ាឡេស្ទីន។ ពួកគេបានបើកការវាយឆ្មក់ឆ្លងព្រំដែនដ៏ សាហាវមួយចូលទៅក្នុងអ៊ីស្រាអែលពីតំបន់ហ្កាហ្សា នៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ ដែលបានបង្កឲ្យមានសង្គ្រាមជាថ្មីនេះ។

បទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកនៅក្នុងតំបន់ហ្កាហ្សា កំពុងស្ថិតក្នុងដំណាក់កាលទី២ របស់ខ្លួន ដែលមើលឃើញពីការដកទ័ពចេញពីទឹកដីនេះ រួមទាំងការរំសាយអាវុធរបស់ក្រុមហាម៉ាស រួមជាមួយនឹងការដកកងកម្លាំងអ៊ីស្រាអែលជាបណ្តើរៗ។
ក្រុមហាម៉ាសបាននិយាយម្តងហើយម្តងទៀតថា ការរំសាយអាវុធ គឺជាខ្សែបន្ទាត់ក្រហម ទោះបីជាក្រុមនេះ បានបង្ហាញថា ខ្លួនអាចពិចារណាប្រគល់អាវុធរបស់ខ្លួនទៅឲ្យអាជ្ញាធរគ្រប់គ្រងប៉ាឡេស្ទីន នាពេលអនាគតក៏ដោយ។
មន្ត្រីអ៊ីស្រាអែលនិយាយថា ក្រុមហាម៉ាសនៅតែមានយុទ្ធជនប្រហែល ២០.០០០នាក់ និងកាំភ្លើង Kalashnikov ប្រហែល ៦០.០០០ ដើម នៅក្នុងតំបន់ហ្កាហ្សា៕