ដែនដី Greenland នៅតែស្ថិតក្នុងការចាប់អារម្មណ៍ពីអន្តរជាតិ ខណៈកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតនៅតែបន្តរាលដាលវិបត្តិបង្កឡើងដោយការជំរុញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ក្នុងការយកដែនដីកោះនេះមកគ្រប់គ្រង។

នៅក្នុងសន្និសីទសារព័ត៌មានត្រីភាគីដើម្បីប្រារព្ធពិធីបើកស្ថានកុងស៊ុលដំបូងរបស់ប្រទេសកាណាដានៅ ទីក្រុងNuuk រដ្ឋធានីនៃដែនដី Greenland រដ្ឋមន្ត្រីការបរទេសGreenland លោកស្រី Vivian Motzfeldt បាននិយាយថា ស្ថានភាពបានប្រសើរឡើងបើប្រៀបធៀបទៅនឹងកាលពីមួយខែកន្លងទៅនេះ ដោយលើកឡើងពីការបង្កើតច្រកការទូត និងការសន្ទនាដោយផ្ទាល់ជាមួយទីក្រុងវ៉ាស៊ីនតោន។ រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក Lars Lokke Rasmussen បានពិពណ៌នាអំពីស្ថានភាពស្រដៀងគ្នានេះថា ប្រទេសដាណឺម៉ាក បច្ចុប្បន្នស្ថិតក្នុងជំហរល្អប្រសើរជាងមុនទាក់ទងនឹងបំណងរបស់លោក Trump ក្នុងការកាន់កាប់ដែនដី Greenland ប៉ុន្តែបានសង្កត់ធ្ងន់ថាវិបត្តិមិនទាន់ត្រូវបានដោះស្រាយនៅឡើយ។ ដោយស្វែងរកការចូលរួមកាន់តែជិតស្និទ្ធជាមួយប្រជាជនដែនដី Greenland និងវត្តមានកាន់តែរឹងមាំនៅក្នុងតំបន់មហាសមុទ្រអាកទិក ប្រទេសបារាំងនិងកាណាដា បានបើកស្ថានកុងស៊ុលនៅទីក្រុង Nuuk ដែលចំណាត់ការនេះត្រូវបានបកស្រាយយ៉ាងទូលំទូលាយថាជាការគាំទ្ររឹងមាំសម្រាប់ប្រទេសដាណឺម៉ាកនិងដែនដីGreenland ក្នុងពេលមានភាពមិនប្រាកដប្រជា។ ទោះបីជាលោក Trump បានដកការគំរាមកំហែងដែលបានប្រកាសកាលពីពេលមុនអំពីការដំឡើងពន្ធខ្ពស់លើប្រទេសអឺរ៉ុបចំនួន៨លុះត្រាតែប្រទេសដាណឺម៉ាកយល់ព្រមលើកិច្ចព្រមព្រៀងដែនដី Greenland របស់លោកក៏ដោយ មន្ត្រីនៅក្នុងប្រទេសដាណឺម៉ាក និងដែនដី Greenland បានសង្កត់ធ្ងន់ថា បញ្ហាជាមូលដ្ឋាននៅមិនទាន់ត្រូវបានដោះស្រាយនៅឡើយទេ។ បណ្តាប្រទេសនៅអឺរ៉ុប បានអំពាវនាវដដែលៗសម្រាប់ដំណោះស្រាយដែលប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងចំពោះច្បាប់អន្តរជាតិ។ នៅក្នុងរដ្ឋធានីNuuk មានប្រជាជនប្រហែល ២០.០០០នាក់ ដែលប្រជាជនក្នុងតំបន់បាននិយាយថា ទោះបីជាស្ថានភាពប្រសើរឡើងក៏ដោយ មនុស្សជាច្រើនមានអារម្មណ៍ថានៅតែតានតឹង។

