ភ្នំពេញ៖ អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធមនុស្សនៅកម្ពុជា បានសំដែងនូវការពេញចិត្តចំពោះវឌ្ឍភាពនៃការខិតខំដោះស្រាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីឈានទៅរកផ្លូវចរចារបញ្ចប់ ករណីបាតុកម្មដោយអតីតបុគ្គលិកកាស៊ីណូណាហ្គាវើលដ៍ ដោយសន្តិវិធី។
ក្នុងជំនួបការងារ រវាងឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីរសៀលថ្ងៃទី១៦ មីនាឆ្នាំ២០២២នេះ នៅទីស្តីការក្រសួង តាមប្រព័ន្ធអនឡាញដោយមានការចូលរួមពីឯកឧត្តម អាន សុខខឿន ឯកអគ្គរាជទូត និងជាតំណាងស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ លោក វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធមនុស្សនៅកម្ពុជា បានមានប្រសាសន៍ថា ចំពោះបញ្ហាទាមទារនានា នឹងត្រូវអនុវត្តទៅតាមនីតិវិធីច្បាប់ និងនីតិវិធីនៃការដោះស្រាយវិវាទការងារជាធរមាន។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានជម្រាបជូនពីការខិតខំរបស់កម្ពុជា ក្នុងការអនុវត្តអនុសញ្ញាអន្តរជាតិរបស់អង្គការអន្តរជាតិខាងការងារ (ILO) គោលនយោបាយច្បាប់លិខិតបទដ្ឋានពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាចំនួន១៣ របស់ ILO រួមទាំងអនុសញ្ញាស្នូលចំនួន៨ផងដែរ ខ្លឹមសារនៃអនុសញ្ញាទាំងនេះត្រូវបានដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធ នឹងវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លក្ខខណ្ឌការងារនៅកម្ពុជាបានអនុវត្តល្អប្រសើរស្របតាមច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានអន្តរជាតិស្តីពីការងារ។
ពាក់ព័ន្ធជាមួយនឹងការខិតខំពង្រឹងសិទ្ធសេរីភាពអង្គការវិជ្ជាជីវៈ ក្រសួងបានសម្រួលនីតិវិធីនៃការចុះបញ្ជីសហជីព សម្រួលនីតិវិធីនៃការរក្សាបញ្ជិកា សម្រួលលក្ខខណ្ឌស្នើសុំទទួលស្គាល់ភាពជាតំណាងបំផុត លើកកម្ពស់សិទ្ធ និងតួនាទីរបស់សហជីព ដែលមានសមាជិកភាគតិចឱ្យកាន់តែច្បាស់លាស់ ដោយបន្ថែមការធ្វើជាតំណាងសមាជិករបស់ខ្លួននៅក្នុងការដោះស្រាយវិវាទការងាររួម ដែលមិនកើតចេញពីការអនុវត្តអនុសញ្ញារួម។
ឯកឧត្តម បានលើកឡើងបន្តថា ក្រសួងបានចេញប្រកាសចំនួន៨ ដើម្បីសម្រួលដល់ការអនុវត្តស្តីពីសហជីព ជាពិសេសការចុះបញ្ជីសហជីព ការទទួលស្គាល់ភាពជាតំណាងបំផុត និងសិទ្ធសហជីពភាគតិចក្នុងការដោះស្រាយវិវាទការងាររួមនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ដែលជាលទ្ធផលគិតត្រឹមខែមករា ឆ្នាំ២០២២ អង្គការវិជ្ជាជីវៈបានចុះបញ្ជីសរុបចំនួនជាង ៥ ៧០០ ដែលក្នុងនោះ ឆ្នាំ២០២១ មានចំនួន ២៦២។
ចំពោះការខិតខំក្នុងទប់ស្កាត់ការជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម រួមទាំងការងារដោយបង្ខំ គឺក្រសួងបានផ្តោតអាទិភាពខ្ពស់ក្នុងការពង្រឹងការអនុវត្តវិធានការច្បាប់ និងពង្រឹងយន្តការការងារ តាមរយៈអធិការកិច្ចការងារ និងការសហការជាមួយគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដែលរហូតមកដល់ពេលនេះយើងអាចទប់ស្កាត់បានមិនឱ្យមានការងារដោយបង្ខំទេ ហើយការប្រើប្រាស់ពលម្មកុមារក៏ត្រូវបានទប់ស្កាត់ជាបន្តបន្ទាប់ផងដែរ។
តាមរយៈកិច្ចប្រជុំនេះ ភាគីទាំងពីរ បានសំដែងនូវការពេញចិត្តចំពោះអ្វីដែលជាការពិត ដែលបាននឹងកំពុងខិតខំអនុវត្ត ហើយសង្ឈឹមជឿជាក់ថាកិច្ចសហប្រិតបត្តិការក្នុងការលើកកម្ពស់សិទ្ធមនុស្ស និងសិទ្ធការងារ នឹងបន្តចូលរួមកាន់តែ ប្រសើរថែមទៀតពីសំណាក់គ្រប់ភាគីពាក់ព័ន្ធ៕ អត្ថបទ៖ ឈិត បូរ៉ាវី