ភារធារីរុស្ស៊ីលោក Alexey Ivanov បាននិយាយថា ទំនាក់ទំនងរវាងរុស្ស៊ី និងទួរគី បានឈានដល់កម្រិតនៃភាពជាដៃគូយុទ្ធសាស្ត្រ។

លោកបានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Nefes ថា៖«យើងចែករំលែកទស្សនៈថា ទំនាក់ទំនងរវាងរុស្ស៊ី និងទួរគី បានឈានដល់កម្រិតនៃភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ យើងមានគម្រោងសំខាន់ៗដែលជាសញ្ញាសម្គាល់នៃកិច្ចសហប្រតិបត្តិការកម្រិតខ្ពស់បែបនេះ»។

ក្នុងចំណោមវិស័យសហប្រតិបត្តិការដ៏ជោគជ័យបំផុតនៅឆ្នាំនេះ លោកបានលើកឡើងពីថាមពលជាចម្បងអំពីថាមពលនុយក្លេអ៊ែរ ការផ្គត់ផ្គង់ឧស្ម័ន ប្រេង និងផលិតផលប្រេងរបស់រុស្ស៊ី ក៏ដូចជាកសិកម្ម និងទេសចរណ៍។ លោកបានកត់សម្គាល់ថា៖«យើងជឿជាក់ថា ទាំងនេះគឺជាម៉ាស៊ីនជំរុញនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់យើង»។
យោងតាមលោក Ivanov បានឲ្យដឹងថា ទីក្រុងមូស្គូ និងអង់ការ៉ា បានបង្កើតការសម្របសម្រួលយ៉ាងជិតស្និទ្ធលើបញ្ហាបន្ទាន់បំផុតក្នុងរបៀបវារៈអន្តរជាតិ និងតំបន់ រួមទាំងអ៊ុយក្រែន សមុទ្រខ្មៅ តំបន់កូកាសខាងត្បូង មជ្ឈិមបូព៌ា និងអាហ្វ្រិក និងអាហ្វហ្គានីស្ថាន។
ក្នុងចំណោមបញ្ហាដែលប្រទេសទាំងពីរកំពុងប្រឈមមុខ អ្នកការទូតរុស្ស៊ីរូបនេះ បានលើកឡើងពីសម្ពាធពីលោកខាងលិច។ លោកបានសង្កត់ធ្ងន់ថា៖«មនុស្សជាច្រើននៅលោកខាងលិច មិនចូលចិត្តការអភិវឌ្ឍប្រកបដោយស្ថាបនានៃទំនាក់ទំនងរុស្ស៊ី-ទួរគីទេ។ ដូច្នេះហើយ ទណ្ឌកម្មខុសច្បាប់ ការគំរាមកំហែងដោយផ្ទាល់ និងការគំរាមកំហែងផ្សេងៗទៀត។ វិធានការទាំងនេះ ត្រូវបានគេដឹងជាទូទៅ ហើយត្រូវបានប្រើប្រាស់មិនត្រឹមតែប្រឆាំងនឹងរុស្ស៊ីប៉ុណ្ណោះទេ»៕