លោកមហាសេដ្ឋី Elon Musk បាននិយាយកាលពីថ្ងៃអាទិត្យ (៨ កុម្ភៈ) ថា ក្រុមហ៊ុន SpaceX របស់លោក បានផ្លាស់ប្តូរការផ្តោតរបស់ខ្លួនចេញពីបេសកកម្មភពអង្គារ ទៅលើការកសាង «ទីក្រុងមួយដែលរីកចម្រើនដោយខ្លួនឯង» នៅលើឋានព្រះចន្ទ ដែលអាចសម្រេចបានក្នុងរយៈពេលតិចជាង ១០ឆ្នាំ។

លោក Musk បានសរសេរបង្ហោះលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់លោកថា ក្រុមហ៊ុន SpaceX នៅតែមានបំណងចាប់ផ្តើមមហិច្ឆតាយូរអង្វែងរបស់លោក ក្នុងការកសាងទីក្រុងមួយនៅលើភពអង្គារ ក្នុងរយៈពេល ៥ ទៅ ៧ឆ្នាំ «ប៉ុន្តែអាទិភាពចម្បងពេលនេះ គឺការធានាអនាគតនៃអរិយធម៌ និងឋានព្រះចន្ទ ឱ្យបានលឿនជាងមុន»។
សារបង្ហោះរបស់លោក Musk គឺស្របនឹងរបាយការណ៍របស់កាសែត Wall Street Journal កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដែលបានរាយការណ៍ថា ក្រុមហ៊ុនអាមេរិក SpaceX បានប្រាប់វិនិយោគិនថា ខ្លួននឹងផ្តល់អាទិភាពលើការទៅកាន់ឋានព្រះចន្ទ ហើយព្យាយាមធ្វើដំណើរទៅកាន់ភពអង្គារ នៅពេលក្រោយវិញ ដោយកំណត់គោលដៅខែមីនា ឆ្នាំ២០២៧ សម្រាប់យានគ្មានអវកាសយានិក ក្នុងការចុះចតលើឋានព្រះចន្ទ។
កាលពីឆ្នាំមុន លោក Musk ធ្លាប់និយាយថា លោកមានគោលបំណងបញ្ជូនបេសកកម្មនៃយានគ្មានអវកាសយានិក ទៅកាន់ភពអង្គារ នៅចុងត្រឹមឆ្នាំ២០២៦។ សហរដ្ឋអាមេរិក ប្រឈមមុខនឹងការប្រកួតប្រជែងយ៉ាងខ្លាំងពីប្រទេសចិន ក្នុងការប្រណាំងគ្នាដើម្បីបញ្ជូនមនុស្សទៅកាន់ឋានព្រះចន្ទជាថ្មីម្ដងទៀតក្នុងទសវត្សរ៍នេះ។ មកទល់បច្ចុប្បន្ន មិនទាន់មនុស្សបានទៅកាន់ផ្ទៃឋានព្រះចន្ទនោះទេ ចាប់តាំងពីបេសកកម្ម Apollo 17 ក្នុងឆ្នាំ១៩៧២មក៕

