ក្រសួងការបរទេសរុស្ស៊ី បាននិយាយ បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរបស់លោករដ្ឋមន្ត្រី សឺហ្គេ ឡាវ រ៉ូវ ( Sergey Lavrov) ជាមួយសមភាគីអូម៉ង់របស់ខ្លួន គឺលោក Sayyid Badr bin Hamad Al-Busaidi ថា រុស្ស៊ី និងអូម៉ង់ ចែករំលែកមតិថា ចាំបាច់ត្រូវលើកទឹកចិត្តកិច្ចចរចាបន្ថែមទៀតរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេ រិកអំពីឯកសារនុយក្លេអ៊ែរអ៊ីរ៉ង់ ដើម្បីឈានដល់កិច្ចព្រមព្រៀងដែលអាចទទួលយកបានជាទូទៅ ក្នុងការធានាសន្តិសុខក្នុងតំបន់។
ក្រសួងបានឲ្យដឹងថា៖«រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ បានជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអូម៉ង់ លោក Sayyid Badr bin Hamad Al-Busaidi»។

ក្រសួងបានបន្ថែមថា៖«ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីស្ថានភាពជុំវិញអ៊ីរ៉ង់ ក្នុងបរិបទនៃកិច្ចចរចាដោយប្រយោលដែលសម្របសម្រួលដោយអូម៉ង់ថ្មីៗនេះ រវាងតំណាងអ៊ីរ៉ង់ និងអាមេរិក នៅទីក្រុង Muscat»។ «ភាគីទាំងពីរបានសម្តែងមតិរួមគ្នាលើភាពចាំបាច់នៃការលើកកម្ពស់ការបន្តដំណើរការចរចា ដើម្បីស្វែងរកកិច្ចព្រមព្រៀងដែលអាចទទួលយកបានជាទូទៅ ក្នុងគោលបំណងលុបបំបាត់ហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយអាវុធ និងធានាស្ថិរភាពនៅក្នុងតំបន់»។
យោងតាមក្រសួង លោក ឡាវរ៉ូវ បានសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំអូម៉ង់លើផ្លូវនេះ។
កិច្ចចរចាជុំថ្មីមួយរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកស្តីពីការដោះស្រាយវិបត្តិលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ បានធ្វើឡើង នៅថ្ងៃទី ០៦ ខែកុម្ភៈ នៅរដ្ឋធានីអូម៉ង់។ គណៈប្រតិភូអ៊ីរ៉ង់ដឹកនាំដោយរដ្ឋមន្ត្រីការបរទេស Abbas Araghchi ខណៈដែលគណៈប្រតិភូអាមេរិកដឹកនាំដោយបេសកជនពិសេសប្រធានាធិបតី Steve Witkoff។ ដូចដែលលោក Al-Busaidi បាននិយាយពីនាពេលមុន គណៈប្រតិភូអ៊ីរ៉ង់ និងអាមេរិក បានធ្វើកិច្ចពិគ្រោះយោបល់យ៉ាងហ្មត់ចត់ នៅទីក្រុង Muscat អំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ហើយមានបំណងបន្តកិច្ចសន្ទនានេះ»៕
