ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានបញ្ជាក់ថា ប្រព័ន្ធសុខាភិបាលកម្ពុជា មានសមត្ថភាពក្នុងការគ្រប់គ្រង និងការឆ្លើយតបនឹងជំងឺកូវីដ-១៩ និងរក្សាបាននូវនិរន្តរភាព នៃការផ្តល់សេវាថែទាំសុខភាពសារវ័ន្តជូនប្រជាពលរដ្ឋ នៅក្នុងបរិបទនៃការរាតត្បាតដោយជំងឺឆ្លង។
ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង ថ្លែងក្នុងពិធីបិទកិច្ចប្រជុំពិនិត្យ និងវាយតម្លៃសមិទ្ធផលសុខាភិបាលឆ្នាំ២០២១ និងទិសដៅសុខាភិបាលឆ្នាំ២០២២ នាទីសី្តការក្រសួងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។
ឯកឧត្តម រដ្ឋមន្រ្តី បានបន្ថែមទៀតថា វិស័យសុខាភិបាល បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គមកិច្ច-សេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅប្រទេសកម្ពុជា តាមរយៈការលើកកម្ពស់ស្ថានភាពសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា ឲ្យកាន់តែល្អប្រសើរឡើងដោយបានថយចុះជាបន្តបន្ទាប់នូវអត្រាស្លាប់របស់មាតា ទារក និងកុមារ និងអត្រាឈឺ និងអត្រាស្លាប់ដោយជំងឺឆ្លង ដូចជា ជំងឺអេដស៍ របេង គ្រុនចាញ់ និងគ្រុនឈាមជាដើម។
វឌ្ឍភាពវិស័យសុខាភិបាលសម្រេចបាន អាស្រ័យដោយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ឈ្លាសវៃ ម៉ឺងម៉ាត់ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី រក្សាបានសន្តិភាព និងស្ថេរភាពនយោបាយដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ការរស់នៅសុខដុមរមនារបស់ប្រជាពលរដ្ឋ ការដោះស្រាយបញ្ហាប្រឈម នៃការរាតត្បាត នៃជំងឺកូវីដ-១៩ និងការបង្កើនចំណាយលើប្រព័ន្ធគាំពារសុខភាពសង្គមសម្រាប់គ្រួសារក្រីក្រ និងក្រុមជាគោលដៅដទៃទៀត។
ជាមួយគ្នានោះលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឡើងធ្វើរបាយការណ៍អំពីដំណើរការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បញ្ជាក់ថា ក្នុងរយៈពេល២ឆ្នាំ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្រសួងសុខាភិបាលធានាថា មិនខ្វះសម្ភារៈ បរិក្ខារវេជ្ជសាស្រ្ត និងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នោះឡើយ។
ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង សូមក្រើនរំលឹកដល់មន្រ្តី បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ ការចម្លងរាតត្បាតនៃជំងឺកូវីដ-១៩ នៅតែជាបញ្ហាគំរាមកំហែងដល់សុខភាពសាធារណៈ វិស័យសង្គមកិច្ចសេដ្ឋកិច្ច។ ដូច្នេះត្រូវពង្រឹងកិច្ចសហការឲ្យកាន់តែខ្លាំងក្លាថែមទៀត រវាងវិស័យសុខាភិបាល វិស័យពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបង្កើនការយកចិត្តទុកដាក់របស់ប្រជាពលរដ្ឋឲ្យអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានសុខាភិបាល និងសេចក្តីណែនាំនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីរក្សាសុខភាព និងបង្ការជំងឺ ជាពិសេសជំងឺកូវីដ-១៩៕ អត្ថបទ៖ រដ្ឋា