របាយការណ៍ពីសារព័ត៌មានចិន ស៊ីនហួរ ចុះផ្សាយនៅថ្ងៃចន្ទ (៩ កុម្ភៈ) នេះបានឱ្យដឹងថា រលកនៃអាកាសធាតុអាក្រក់បានបោកបក់ពាសពេញទ្វីបអឺរ៉ុប ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈព្យុះអាត្លង់ទិកដ៏ខ្លាំងក្លាបាននាំមកនូវទឹកជំនន់ក្នុងបណ្ដាប្រទេសនៅភាគខាងត្បូង ចំណែកឯភាពត្រជាក់នៃតំបន់អាកទិក បានវាយប្រហារផ្នែកខ្លះនៃអឺរ៉ុបកណ្តាលនិងខាងជើង បណ្តាលឱ្យមនុស្សរាប់សិបនាក់បានស្លាប់ រាប់ពាន់នាក់ត្រូវជម្លៀសខ្លួន និងបង្កឱ្យមានការរំខានយ៉ាងទូលំទូលាយ។
ព្យុះអាត្លង់ទិកដ៏ខ្លាំងក្លាជាបន្តបន្ទាប់ បានបោកបក់ពាសពេញព័រទុយហ្គាល់ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលបណ្តាលឱ្យមនុស្សយ៉ាងតិច ១៤នាក់ស្លាប់ និងរាប់រយនាក់ទៀតរងរបួស ឬជម្លៀសខ្លួន ព្រមទាំងបណ្តាលឱ្យខូចខាតធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធ។ ព្យុះទាំងនោះ ដែលត្រូវបានសេវាឧតុនិយមដាក់ឈ្មោះថា Kristin និង Leonardo ហើយបានបង្កឱ្យមានទឹកជំនន់ បំណាក់ដី ការដាច់ចរន្តអគ្គិសនី និងការរំខានដល់ការដឹកជញ្ជូននៅទូទាំងតំបន់ធំៗនៅព័រទុយហ្គាល់។

នៅអេស្ប៉ាញ ភ្លៀងធ្លាក់ខ្លាំងដែលបង្កឡើងដោយព្យុះ Leonardo បានបង្ខំឱ្យមានការជម្លៀសមនុស្សរាប់ពាន់នាក់នៅទូទាំងភាគខាងត្បូងនៃប្រទេស និងការស្លាប់មួយចំនួន។ ខណៈពេលដែលតំបន់អឺរ៉ុបខាងត្បូង បានឃើញភ្លៀងធ្លាក់ខ្លាំង និងអាកាសធាតុមានព្យុះភ្លៀងជាប់ៗគ្នា តំបន់ជាច្រើននៃអឺរ៉ុបកណ្តាល និងខាងជើង បែរជាធ្លាក់ចូលទៅក្នុងភាពត្រជាក់ខ្លាំង ព្រិលធ្លាក់ និងភ្លៀងដ៏ត្រជាក់។
នៅអាល្លឺម៉ង់ អាកាសធាតុរដូវរងាដ៏ខ្លាំងក្លា បណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាច្រើនទូទាំងតំបន់ភាគឦសាននៃប្រទេស។ នៅរ៉ូម៉ានី ការព្រមានពណ៌ក្រហមត្រូវបានដាក់ចេញសម្រាប់រលកត្រជាក់ ព្រិលធ្លាក់ និងភ្លៀងត្រជាក់ខ្លាំង ដោយសីតុណ្ហភាពស្ថិតនៅកម្រិត -១៥ អង្សាសេ និងព្រិលគ្របដណ្តប់កម្រាស់ ១៥សង់ទីម៉ែត្រ។ នៅតាមបណ្តោយឆ្នេរសមុទ្របាល់ទិក ដូចជាអេស្តូនី និងឡាតវី ក៏បានជួបប្រទះនឹងរដូវរងាដ៏ត្រជាក់បំផុតមួយក្នុងរយៈពេលជាច្រើនឆ្នាំផងដែរ៕


