នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អនុប្រធានក្រុមសមាជិកាព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញចុះជួបប្រជុំជាមួយក្រុមប្រឹក្សាឃុំជាស្ត្រី នៃស្រុកបារាយណ៍ ស្រុកតាំងគោក និងស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីឈ្វេងយល់ពីវឌ្ឍនភាពការងារឆ្នាំ២០២៥ តម្រូវការ ការអនុវត្តគោលនយោបាយស្តីពីការលើកកម្ពស់សមភាពយេនឌ័រ ផែនការសកម្មភាពការងារឆ្នាំ២០២៦ និងការឆ្លុះបញ្ចាំងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ២០២២-២០២៧។

កិច្ចប្រជុំប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីលោកជំទាវ យស ថានារី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត លោកស្រីអភិបាលរងស្រុក ក្រុមប្រឹក្សាឃុំ សរុបចំនួន៦៩នាក់ នៅសាលាស្រុកបារាយណ៍។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត អនុប្រធានក្រុមសមាជិកាព្រឹទ្ធសភា បានមានប្រសាសន៍នាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនដល់ថ្នាក់ដឹកនាំខេត្ត ស្រុក និងក្រុមប្រឹក្សាឃុំទាំងអស់ប្រកបដោយក្តីនឹករលឹក។ ព្រមទាំងបានផ្តាំផ្ញើដល់ក្រុមប្រឹក្សាឃុំ សង្កាត់ សូមបន្តបម្រើប្រជាពលរដ្ឋឱ្យបានល្អ ជាពិសេសធានាឱ្យបាននូវការអនុវត្តភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ និងខិតខំដោះស្រាយបញ្ហាប្រឈមនានា ក្នុងកម្រិតដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយយុត្តិធម៌ និងសមធម៌សង្គម។ ចំពោះបញ្ហាប្រឈម និងសំណូមពរនានា ដែលក្រុមប្រឹក្សាឃុំ សង្កាត់ បានលើកឡើង ក្រុមសមាជិកាព្រឹទ្ធសភា នឹងធ្វើរបាយការណ៍រាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីលើកអនុសាសន៍ជម្រាបដល់ក្រសួងស្ថាប័នពាក់ព័ន្ធរួមគ្នាដោះស្រាយ។
នៅចុងបញ្ចប់នៃកម្មវិធីលោកជំទាវបណ្ឌិតអនុប្រធានក្រុម បានផ្តល់ថវិកាមួយចំនួនដល់រដ្ឋបាលស្រុក និងដបទឹករក្សាកំដៅជូនដល់សមាជិកក្រុមប្រឹក្សាឃុំ៕





