មេធាវីរបស់អ្នកទោសជនជាតិកាណាដាមួយរូប នៅថ្ងៃចន្ទ (ទី៩ ខែកុម្ភៈ) នេះ បាននិយាយថា តុលាការកំពូលរបស់ប្រទេសចិន បានលុបចោលទោសប្រហារជីវិតលើកូនក្ដីរបស់ខ្លួន ពាក់ព័ន្ធនឹងបទចោទប្រកាន់គ្រឿងញៀន ដោយនេះជាការទម្លាយនូវភាពទាល់ច្រក នៅក្នុងសំណុំរឿងមួយដែលបានធ្វើឲ្យទំនាក់ទំនងការទូត រវាងទីក្រុងអូតាវ៉ា (Ottawa) និងទីក្រុងប៉េកាំងតានតឹងអស់រយៈពេលជាច្រើនឆ្នាំ។
លោក Robert Schellenberg ត្រូវបានចាប់ខ្លួននៅចិន ក្នុងឆ្នាំ២០១៤ ពីបទសង្ស័យថា បានរត់ពន្ធគ្រឿងញៀន ហើយត្រូវបានកាត់ទោសនៅឆ្នាំ២០១៨ ដោយដំបូងឡើយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ១៥ឆ្នាំ។ តែក្រោយមក រូបគេត្រូវបានកាត់ទោសប្រហារជីវិតនៅក្នុងដំណើរការកាត់ក្តីឡើងវិញ ក្នុងខែមករា ឆ្នាំ២០១៩ ពោលគឺមួយខែបន្ទាប់ពីនាយកប្រតិបត្តិក្រុមហ៊ុន Huawei លោកស្រី Meng Wanzhou ត្រូវបានចាប់ខ្លួននៅទីក្រុង Vancouver តាមដីការបស់សហរដ្ឋអាមេរិក។

លោកមេធាវី Zhang Dongshuo ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងបានប្រាប់សារព័ត៌មាន Reuters ថា តុលាការប្រជាជនកំពូលរបស់ប្រទេសចិន នៅថ្ងៃទី៦ ខែកុម្ភៈ បានច្រានចោលការផ្ដន្ទាទោសប្រហារជីវិតដែលតុលាការជាន់ទាបបានសម្រេច។ លោកបានបញ្ជាក់ថា សំណុំរឿងនេះនឹងត្រូវបញ្ជូនទៅតុលាការប្រជាជនជាន់ខ្ពស់ខេត្ត Liaoning ដើម្បីដំណើរការកាត់ក្តីឡើងវិញ។
ការទម្លាយភាពទាល់ច្រកនេះ បានកើតឡើងមិនដល់មួយខែផង បន្ទាប់ពីនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានធ្វើទស្សនកិច្ចរយៈពេល ៤ថ្ងៃ នៅប្រទេសចិន ជាកន្លែងដែលលោកបានសាទរចំពោះទំនាក់ទំនងដ៏ល្អប្រសើររបស់ប្រទេសទាំង២ បន្ទាប់ពីជួបប្រទះនឹងភាពអាប់អួ ក្រោមការដឹកនាំរបស់អ្នកដឹកនាំមុនរបស់កាណាដា គឺលោក Justin Trudeau។
អ្នកនាំពាក្យក្រសួងការបរទេសកាណាដាបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ពួកគេបានដឹងអំពីការសម្រេចរបស់តុលាការកំពូល ហើយនឹងបន្តផ្តល់សេវាកុងស៊ុលដល់លោក Schellenberg និងក្រុមគ្រួសាររបស់លោក ដោយមិនបានពន្យល់លម្អិតអំពីការសម្រេចនេះឡើយ៕
