អនាគតរបស់លោក Keir Starmer កំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ បន្ទាប់ពីមានបញ្ហាប្រឈម ដោយសារការតែងតាំងលោក Peter Mandelson ជាឯកអគ្គរដ្ឋទូតប្រចាំទីក្រុងវ៉ាស៊ីនតោន ដែលនាំឲ្យជំនួយការជិតស្និទ្ធបំផុតរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលាលែងពីតំណែង។

លោក Morgan McSweeney បានចុះចេញពីការធ្វើតួនាទីជានាយសេនាធិការ កាលពីថ្ងៃអាទិត្យ (ទី៨ ខែកុម្ភៈ ឆ្នាំ២០២៦) ដោយនិយាយថា លោកគឺជាអ្នកទទួលខុសត្រូវទាំងស្រុង ចំពោះការផ្ដល់ដំបូន្មានរបស់លោក ឲ្យជួលលោក Mandelson ជាបេសកជនរបស់សហរដ្ឋអាមេរិក ទោះបីជាអតីតអ្នកនយោបាយចាស់វស្សារបស់គណបក្សការងាររូបនេះមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកហិរញ្ញវត្ថុ គឺលោក Jeffrey Epstein ដែលត្រូវបានផ្ដន្ទាទោស ជុំវិញសំណុំរឿងផ្លូវភេទលើកុមារក៏ដោយ។ ហើយទាំងអ្នកគាំទ្រ និងគូប្រជែងរបស់លោក Starmer កត់សម្គាល់ដូចគ្នាថា អ្នកដែលបានសម្រេចតែងតាំងលោក Mandelson នៅតែកាន់តំណែងដដែល។
បើយោងតាមបុគ្គលដឹងបញ្ហានេះ ដែលបាននិយាយដោយមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា មន្ត្រីក្នុងការិយាល័យនាយករដ្ឋមន្ត្រី កំពុងត្រៀមខ្លួនប្រឈមជាមួយរដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រី ដែលអាចនឹងប្រាប់ជាសម្ងាត់ដល់នាយករដ្ឋមន្ត្រីឲ្យឈរនៅម្ខាង ឬគំរាមលាលែងពីតំណែងរបស់ពួកគេ ប្រសិនបើលោកមិនធ្វើអ្វីសោះ។ ជំនួយការម្នាក់របស់រដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រី បានឲ្យដឹងថា វាមានភាពមិនច្បាស់លាស់នោះឡើយថា តើលោក Starmer នឹងនៅអាចបន្តតំណែងដល់ចុងសប្ដាហ៍បានដែរ ឬយ៉ាងណា។
ការបាត់បង់មេគំនិតដែលជួយឲ្យគណបក្សការងារឈ្នះការបោះឆ្នោតក្នុងសំឡេងដ៏លើសលប់ នៅឆ្នាំ២០២៤ ធ្វើឲ្យនាយករដ្ឋមន្ត្រីប្រឈមនឹងបញ្ហា ខណៈដែលសមាជិករដ្ឋាភិបាលពេញដោយខកចិត្តកំពុងចង់ឲ្យមានការផ្លាស់ប្តូរតួនាទីនៅទីកំពូល ដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Wes Streeting និងអតីតឧបនាយករដ្ឋមន្ត្រី លោកស្រី Angela Rayner ត្រូវបានលើកឡើងថា ជាបេក្ខជនអាចនឹងស្នងតំណែងលោក Starmer៕
