មេដឹកនាំជាន់ខ្ពស់ម្នាក់របស់ក្រុមហាម៉ាស កាលពីថ្ងៃអាទិត្យ (ទី៨ ខែកុម្ភៈ ឆ្នាំ២០២៦) បានបញ្ជាក់ថា ចលនាឥស្លាមប៉ាឡេស្ទីន នឹងមិនបោះបង់ចោលអាវុធរបស់ខ្លួនឡើយ ឬទទួលយកអន្តរាគមន៍ពីបរទេសនៅក្នុងតំបន់ហ្កហ្សានោះទេ ដោយបានបដិសេធការទាមទាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
លោក Khaled Meshal បាននិយាតនៅឯសន្និសីទ ក្នុងទីក្រុងដូហា ប្រទេសកាតាថា៖ «ការណ៍ដែលបានចាត់ទុកការតស៊ូ អាវុធរបស់ក្រុម និងអ្នកដែលបានធ្វើការតស៊ូថា ជាបទឧក្រិដ្ឋ គឺជាអ្វីដែលយើងមិនគួរទទួលយកឡើយ»។ លោក Meshal ដែលពីមុនដឹកនាំក្រុមនេះ បានបន្ថែមថា៖ «ដរាបណាមានការគ្រប់គ្រង ដរាបនោះនៅតែមានការតស៊ូ។ ការតស៊ូគឺជាសិទ្ធិរបស់ប្រជាជនដែលស្ថិតនៅក្រោមការគ្រប់គ្រង ពោលគឺជាអ្វីមួយដែលប្រជាជាតិមានមោទនភាពចំពោះ»។

គួរបញ្ជាក់ថា ក្រុមហាម៉ាស ដែលជាចលនាឥស្លាមមួយ បានធ្វើការតស៊ូប្រដាប់អាវុធប្រឆាំងនឹងអ្វីដែលខ្លួនមើលឃើញថា ជាការគ្រប់គ្រងលើដែនដីប៉ាឡេស្ទីន ពីសំណាក់អ៊ីស្រាអែល។ ក្រុមនេះបានបើកការវាយឆ្មក់ឆ្លងព្រំដែនដ៏សាហាវមួយពីតំបន់ហ្កាហ្សាចូលទៅអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ជាព្រឹត្តិការណ៍ដែលបានបង្កឲ្យមានសង្គ្រាមចុងក្រោយបង្អស់។
បទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក នៅក្នុងតំបន់ហ្កាហ្សា កំពុងស្ថិតក្នុងដំណាក់កាលទី២ ដែលមើលឃើញពីការគ្មានអាវុធ នៅដែនដីនេះ ក្នុងនោះរួមទាំងការរំសាយអាវុធរបស់ក្រុមហាម៉ាស រួមជាមួយនឹងការដកកងកម្លាំងអ៊ីស្រាអែលបន្តិចម្តងៗ។
តែយ៉ាងណាក្ដី ក្រុមហាម៉ាសបានលើកឡើងដដែលៗថា ការរំសាយអាវុធ គឺជាខ្សែបន្ទាត់ក្រហម ទោះបីជាក្រុមនេះ បានបង្ហាញថា ខ្លួនអាចពិចារណាប្រគល់អាវុធរបស់ខ្លួនទៅឲ្យអាជ្ញាធរគ្រប់គ្រងប៉ាឡេស្ទីន នាពេលខាងមុខក៏ដោយ៕


