ស្ថានទូតឥណ្ឌាប្រចាំទីក្រុងមូស្គូ និងក្រុមអ្នកស៊ើបអង្កេតរុស្ស៊ី បានឲ្យដឹងថា និស្សិតឥណ្ឌា ៤នាក់ បានរងរបួស អំឡុងការវាយប្រហារដោយកាំបិត នៅសាកលវិទ្យាល័យវេជ្ជសាស្ត្រមួយកន្លែង ក្នុងតំបន់ Bashkortostan របស់រុស្ស៊ី កាលពីថ្ងៃចុងសប្ដាហ៍កន្លងមក។
ស្ថានទូតឥណ្ឌាបានប្រាប់ថា «ឧប្បត្តិហេតុវាយប្រហារដ៏មួយនេះ បានកើតឡើងនៅទីក្រុង Ufa។ មនុស្សជាច្រើននាក់ រួមទាំងនិស្សិតឥណ្ឌា ៤នាក់ផង បានរងរបួស»។ ចំណែកក្រុមអ្នកស៊ើបអង្កេតរុស្ស៊ី បានបញ្ជាក់ថា យុវជនអាយុ ១៥ឆ្នាំម្នាក់ បានវាយប្រហារនិស្សិតដោយអាវុធ ជាកាំបិត។

ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា និស្សិតជាច្រើននាក់ នៅក្នុងទីក្រុង Ufa ចម្ងាយប្រហែល ១.១០០គីឡូម៉ែត្រភាគខាងកើតនៃទីក្រុងមូស្គូ ក៏ដូចជាមន្ត្រីនគរបាលផងដែរ បានរងរបួសនៅហេតុការណ៍នោះ ដែលកើតឡើងនៅអន្តេវាសិកដ្ឋានរបស់និស្សិត។
ក្រុមអ្នកស៊ើបអង្កេតបានបន្ថែមថា គណៈកម្មាធិការស៊ើបអង្កេត បានបន្ថែមថា ខ្លួនបានបើកដំណើរការសំណុំរឿងព្រហ្មទណ្ឌ ជុំវិញការធ្វេសប្រហែសរបស់មន្ត្រី ដែលដឹងអំពីបញ្ហាអាកប្បកិរិយារបស់និស្សិតម្នាក់នេះ ប៉ុន្តែមិនបានចាត់វិធានការបង្ការទុកមុនឡើយ៕
