កាលពីថ្ងៃអាទិត្យ (ទី៨ ខែកុម្ភៈ ឆ្នាំ២០២៦) ឥណ្ឌា និងម៉ាឡេស៊ី បានយល់ព្រមជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងសន្តិសុខ ពាណិជ្ជកម្ម និងវិនិយោគ សេដ្ឋកិច្ចឌីជីថល ថាមពល និងកសិកម្ម ដោយបន្ថែមពីលើការពង្រីកបន្ថែមនូវ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» រវាងប្រទេសទាំង២។
ភាគីទាំង២ ក៏បានពិភាក្សាអំពីវិធីធ្វើឲ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការ ក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កសិកម្ម សុខភាព ការអប់រំ វប្បធម៌ ទេសចរណ៍ ការផ្លាស់ប្តូរយុវជន និងទំនាក់ទំនង រវាងប្រជាជន បន្ថែមពីលើការអភិវឌ្ឍក្នុងតំបន់ និងសកលលោក ដែលផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម នៅក្នុងកិច្ចប្រជុំកំពូលនៃដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ទៅកាន់ប្រទេសម៉ាឡេស៊ី។

លោក Modi ដែលបានទៅដល់ទីក្រុងគួឡាឡាំពួ កាលពីថ្ងៃសៅរ៍ បានជួបពិភាក្សាជាមួយសមភាគីម៉ាឡេស៊ី លោក Anwar Ibrahim។ មេដឹកនាំទាំង២ បានយល់ព្រមបង្កើនការសម្របសម្រួលពាណិជ្ជកម្ម និងស្វែងយល់ពីសក្តានុពលដែលត្រូវបានពង្រីក នៅក្នុងវិស័យផ្សេងៗ ក្នុងនោះរួមទាំងឧបករណ៍អេឡិចត្រូនិក សេដ្ឋកិច្ចឌីជីថល និងកិច្ចសហប្រតិបត្តិការឧស្សាហកម្ម។
ជាមួយគ្នានេះ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងម៉ាឡេស៊ី និងឥណ្ឌា (MICECA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន-ឥណ្ឌា (AITIGA) មេដឹកនាំទាំង២ បានជំរុញដល់ឧស្សាហកម្ម នៅភាគីទាំង២ ឲ្យជួយសម្រួលបន្ថែមទៀតដល់ការចេញវិក្កយបត្រ និងការទូទាត់ពាណិជ្ជកម្មជារូបិយប័ណ្ណក្នុងស្រុក៕
