មន្ត្រីអ៊ុយក្រែនបាននិយាយនៅព្រឹកថ្ងៃចន្ទនេះថា ការវាយប្រហារពេញមួយយប់របស់រុស្ស៊ីលើទីក្រុង Odesa និង Kharkiv បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣នាក់។
យោងតាមលោក Sergiy Lysak ប្រធានរដ្ឋបាលយោធារបស់ទីក្រុងនេះ ការវាយប្រហារដោយយានដ្រូនផលិតនៅអ៊ីរ៉ង់ទៅលើទីក្រុងកំពង់ផែ Odesa ភាគខាងត្បូង បានបង្កឲ្យមានអគ្គិភ័យ និងបំផ្លាញអគារផ្ទះល្វែង និងបំពង់បង្ហូរឧស្ម័ន។

លោកបានបង្ហោះនៅព័ត៌មានបច្ចុប្បន្នភាពថា៖«បុរសអាយុ ៣៥ឆ្នាំម្នាក់ បានស្លាប់ ដោយសារការវាយប្រហារនៅពេលយប់។ មនុស្សពីរនាក់ ក៏បានរងរបួសផងដែរ ក្នុងនោះមានក្មេងស្រីអាយុ ១៩ឆ្នាំម្នាក់»។
អភិបាលតំបន់លោក Oleg Kiper បាននិយាយថា ទីក្រុងនេះ ត្រូវបាន«វាយប្រហារយ៉ាងធ្ងន់ធ្ងរ» ហើយបានបញ្ជាក់ពីអគ្គិភ័យ ប៉ុន្តែមិនមានព័ត៌មានអំពីចំនួនអ្នកស្លាប់ភ្លាមៗនោះទេ។
នៅចុងខាងជើងនៃតំបន់ Kharkiv សេវាសង្គ្រោះបន្ទាន់របស់រដ្ឋ បាននិយាយថា ពួកគេបានរកឃើញសាកសពរបស់ស្ត្រីម្នាក់ និងក្មេងប្រុសអាយុ ១០ឆ្នាំម្នាក់ បន្ទាប់ពីការវាយប្រហារដោយដ្រូន។
សេវាទាំងនោះ បានបន្ថែមនៅក្នុងសារមួយនៅលើបណ្តាញសង្គម Telegramថា៖«មនុស្សបីនាក់ទៀត បានរងរបួស»។
រុស្ស៊ីបានបន្តវាយប្រហារលើប្រទេសជិតខាងរបស់ខ្លួន ខណៈពេលកំពុងចូលរួមក្នុងកិច្ចចរចាដែលគាំទ្រដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់ជម្លោះដែលបានបណ្តាលឲ្យមនុស្សស្លាប់ច្រើនបំផុតនៅអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី ២៕
