អ្នកនាំពាក្យក្រសួងការបរទេស នៅថ្ងៃចន្ទ (ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹថា គោលនយោបាយរបស់ប្រទេសចិន ចំពោះជប៉ុន នឹងមិនត្រូវបានផ្លាស់ប្តូរដោយការបោះឆ្នោតតែម្យ៉ាងនោះឡើយ។
សម្ព័ន្ធភាពរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានឈ្នះការបោះឆ្នោត កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក ដោយបានបើកផ្លូវឲ្យមានការកាត់បន្ថយពន្ធ និងការចំណាយយោធាដែលបានសន្យា។
លោកស្រី Takaichi បានបង្កឲ្យមានជម្លោះការទូតជាមួយទីក្រុងប៉េកាំង កាលពីខែវិច្ឆិកាឆ្នាំមុន បន្ទាប់ពីលោកស្រីបានលើកឡើងថា ការវាយប្រហាររបស់ចិន លើកោះតៃវ៉ាន់ អាចក្លាយជា «ស្ថានភាពគំរាមកំហែងដល់ការរស់រានមានជីវិត» សម្រាប់ប្រទេសជប៉ុន និងអាចបង្កឲ្យមានការឆ្លើយតបខាងយោធា។
ប្រទេសចិនអះអាងអធិបតេយ្យភាព លើកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យ។ រដ្ឋបាលកោះនេះ បដិសេធមិនទទួលយកការអះអាងសិទ្ធិនេះ។
នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នាថ្ងៃចន្ទនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយថា ប្រទេសចិនជំរុញឲ្យនាយករដ្ឋមន្ត្រីជប៉ុនដកការកត់សម្គាល់របស់លោកស្រី ជុំវិញបញ្ហាកោះតៃវ៉ាន់៕


