អាជ្ញាធរវ៉េណេស៊ុយអេឡា កាលពីថ្ងៃអាទិត្យ (ទី៨ ខែកុម្ភៈ ឆ្នាំ២០២៦) បានឲ្យដឹងថា ពួកគេកំពុងស្វែងរកការយល់ព្រមពីតុលាការ ដើម្បីដាក់អ្នកនយោបាយប្រឆាំងដ៏លេចធ្លោ លោក Juan Pablo Guanipa ឲ្យស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះ ពោលគឺមិនយូរប៉ុន្មានបន្ទាប់ពីរូបលោកត្រូវបានចាប់ខ្លួនដោយក្រុមប្រដាប់អាវុធ នៅទីក្រុងការ៉ាកាស ជាអ្វីដែលកូនប្រុសរបស់លោកចាត់ទុកថា ជាការចាប់ជំរិត។
ហេតុការណ៍នេះបានកើតឡើង ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីលោក Guanipa ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ម្ចាស់រង្វាន់ណូបែលសន្តិភាព លោកស្រី Maria Corina Machado ត្រូវបានដោះលែងពីពន្ធនាគារ បន្ទាប់ពីត្រូវបានឃុំខ្លួនអស់រយៈពេលជាង ៨ខែ ពាក់ព័ន្ធនឹងបទចោទប្រកាន់ ដែលថា បានដឹកនាំគម្រោងភេរវកម្ម។

ក្រសួងសាធារណៈរបស់វ៉េណេស៊ុយអេឡា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Guanipa បានបំពានលក្ខខណ្ឌនៃការដោះលែង ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតឡើយ។ ស្ថាប័ននេះមិនបានបញ្ជាក់ឲ្យបានច្បាស់ថា តើលោកអាចត្រូវបានចាប់ខ្លួនឡើងវិញដែរ ឬយ៉ាងណា។
ហេតុការណ៍នេះបង្កឲ្យមានភាពមិនប្រាកដប្រជា ជុំវិញការសន្យារបស់រដ្ឋាភិបាល ក្នុងការអនុម័តច្បាប់លើកលែងទោស និងដោះលែងអ្នកទោសនយោបាយ ខណៈដែលសម្ពាធរបស់សហរដ្ឋអាមេរិកកើនឡើង ដែលមានរយៈពេលមួយខែបន្ទាប់ពីរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានចាប់ខ្លួន និងទម្លាក់មេដឹកនាំដ៏យូរអង្វែងរបស់ប្រទេសនេះ គឺលោក Nicolas Maduro៕
