កាលពីថ្ងៃអាទិត្យ អេហ្ស៊ីបបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារម្តងហើយម្តងទៀត ដែលបានកំណត់គោលដៅលើក្បួនរថយន្តជំនួយមនុស្សធម៌ មន្ទីរពេទ្យ និងជនស៊ីវិលដែលផ្លាស់ទីលំនៅនៅស៊ូដង់ ដោយពណ៌នាអំពីពួកវាថា ជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសអេហ្ស៊ីបបានថ្កោលទោសអ្វីដែលខ្លួនហៅថា ជា«ការវាយប្រហារយ៉ាងឃោរឃៅម្តងហើយម្តងទៀត» ទៅលើក្បួនរថយន្តជំនួយមនុស្សធម៌ និងមន្ទីរពេទ្យ នៅ ស៊ូដង់ ដោយព្រមានថា ទង្វើបែបនេះធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ និងបង្កឲ្យ«មហន្តរាយមនុស្សធម៌ដែលមិនធ្លាប់មានពីមុនមក» ដែលប្រទេសនេះកំពុងប្រឈមកាន់តែធ្ងន់ធ្ងរឡើង។
ក្រសួងបានសំដៅទៅលើការវាយប្រហារដោយយានដ្រូនថ្មីៗនេះ ដែលបានកំណត់គោលដៅលើក្បួនរថយន្តជំនួយដែលមានទំនាក់ទំនងជាមួយកម្មវិធីស្បៀងអាហារពិភពលោក នៅក្នុងរដ្ឋ Kordofanខាងជើង របស់ប្រទេសស៊ូដង់ ដែលបានសម្លាប់បុគ្គលិកជំនួយម្នាក់ និងជាច្រើននាក់ទៀតរងរបួស។ ក្រសួងក៏បានលើកឡើងពីឧប្បត្តិហេតុស្រដៀងគ្នាមួយទៀត នៅក្នុងរដ្ឋដដែល ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ២៤នាក់ស្លាប់។
សេចក្តីថ្លែងការណ៍នេះ បាននិយាយថា ការកើតឡើងវិញនូវការរំលោភបំពានបែបនេះ រួមចំណែកដល់មហន្តរាយមនុស្សធម៌របស់ស៊ូដង់កាន់តែធ្ងន់ធ្ងរឡើង ចំពេលមានការផ្លាស់ទីលំនៅកើនឡើង និងអសន្តិសុខស្បៀងកាន់តែកើនឡើង ដោយបានគូសបញ្ជាក់ពីតម្រូវការបន្ទាន់ ដើម្បីធានាបាននូវការផ្តល់ជំនួយមនុស្សធម៌ដោយគ្មានការរារាំងដល់ប្រជាជនស៊ូដង់៕
