ស្ត្រីបង់ក្លាដែស បានកាន់គប់ភ្លើងឆ្លងកាត់ដងផ្លូវនានានៃទីក្រុងដាកា នាថ្ងៃចន្ទ (ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ ដោយដើរដង្ហែក្បួន ដើម្បីទាមទារយុត្តិធម៌ និងឲ្យមានតំណាងនយោបាយ នៅក្នុងការបោះឆ្នោត នាពេលខាងមុខ។
ទោះបីជាបានជួយរួមចំណែកដល់ការដឹកនាំការបះបោរឆ្នាំ២០២៤ ដែលបើកផ្លូវឲ្យការបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍នេះក៏ដោយ ក៏ស្ត្រីដោយភាគច្រើននឹងត្រូវបានដកចេញពីឆាកនយោបាយរបស់ប្រទេសអាស៊ីខាងត្បូងមួយនេះ។
បេក្ខជនស្ត្រីមានចំនួនមិនដល់ ៤ភាគរយនៃបេក្ខជន ក្នុងការបោះឆ្នោត ខណៈដែលគណបក្សចំនួន ៣០ ដែលចូលរួមប្រកួតប្រជែងក្នុងសប្តាហ៍នេះ បានដាក់អ្នកឈរឈ្មោះសុទ្ធតែបុរសប៉ុណ្ណោះ។

ដោយស្រែកពាក្យស្លោក និងច្រៀងចម្រៀងនៅពីមុខរដ្ឋសភា លោកស្រី Priya Ahsan Chowdhury អាយុ ៣១ឆ្នាំ ជាមេធាវីតុលាការកំពូល ដែលបានចូលរួមជាមួយស្ត្រីប្រហែល ១០០នាក់ បាននិយាយថា៖ «ទោះបីជាមានរបបណាក៏ដោយ ក៏ការគាបសង្កត់លើស្ត្រី លេចឡើងក្នុងទម្រង់ផ្សេងៗគ្នា។ នៅកន្លែងខ្លះ យើងមិនបានឃើញមានតំណាងស្ត្រីទាល់តែសោះ ពោលគឺមានសុទ្ធតែបុរស។ នោះហើយជាអ្វីដែលជំរុញឲ្យយើងចេញមកនិយាយនាពេលនេះ»។
ការដង្ហែក្បួន ដែលបានចាប់ផ្តើមនៅពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យ និងបានបញ្ចប់នៅព្រឹកព្រលឹមថ្ងៃចន្ទ បានកើតឡើងស្របពេលមានការកើនឡើងនូវវោហាសាស្ត្រដែលផ្តោតលើស្ត្រី នៅក្នុងការជួបជុំទាំងផ្នែកសាសនា និងនយោបាយ ហើយនិងការប៉ុនប៉ងមានកាន់តែខ្លាំងឡើងៗ ក្នុងការរុញឲ្យពួកគេចេញពីជីវិតសាធារណៈ។
ការបោះឆ្នោតនៅថ្ងៃទី១២ ខែកុម្ភៈ នឹងក្លាយជាការបោះឆ្នោតលើកដំបូង ចាប់តាំងពីមានការផ្តួលរំលំរដ្ឋាភិបាលរបស់លោកស្រី Sheikh Hasina៕
