យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានសម្លាប់ជនសកម្មប្រយុទ្ធចំនួន ៤នាក់ ដែលបានវាយប្រហារកងទ័ពរបស់ខ្លួន ខណៈដែលបុរសប្រដាប់អាវុធនេះ បានចេញពីផ្លូវរូងក្រោមដីមួយ នៅភាគខាងត្បូងតំបន់ហ្កាហ្សានៅថ្ងៃចន្ទនេះ ដោយហៅសកម្មភាពរបស់ក្រុមនេះថា ជា «ការរំលោភបំពានយ៉ាងច្បាស់លាស់» នូវបទឈប់បាញ់។
ទោះបីជាបទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក បានចូលដល់ដំណាក់កាលទី ២ របស់ខ្លួន កាលពីខែមុនក៏ដោយ អំពើហិង្សានៅតែបន្តនៅក្នុងតំបន់ហ្កាហ្សា ដោយអ៊ីស្រាអែល និងក្រុមហាម៉ាសចោទប្រកាន់គ្នាទៅវិញទៅមកថា បានរំលោភលើកិច្ចព្រមព្រៀងនេះ។

យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«នាពេលថ្មីៗនេះ ភេរវករប្រដាប់អាវុធចំនួន ៤នាក់ បានចេញពីផ្លូវរូងក្រោមដីមួយ ហើយបានបាញ់ទៅលើទាហាននៅក្នុងតំបន់រ៉ាហ្វា (Rafah) ភាគខាងត្បូងហ្កាហ្សា.... បន្ទាប់ពីការកំណត់អត្តសញ្ញាណ កងទ័ពបានសម្លាប់ភេរវករទាំងនោះ។
យោធាបានបញ្ជាក់ថា ពុំមានកងទ័ពរបស់ខ្លួនណាម្នាក់ រងរបួសនៅក្នុងការវាយប្រហារនោះទេ ដែលខ្លួនហៅថា ជា«ការរំលោភបំពានយ៉ាងច្បាស់លាស់នូវកិច្ចព្រមព្រៀងបទឈប់បាញ់» រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។
យោធាបានបន្ថែមថា កងទ័ពអ៊ីស្រាអែល «កំពុងបន្តប្រតិបត្តិការនៅក្នុងតំបន់នោះ ដើម្បីកំណត់ទីតាំង និងកម្ចាត់ភេរវករទាំងអស់ នៅក្នុងផ្លូវរូងក្រោមដីនោះ»៕
