អារ៉ាប៊ីសាអ៊ូឌីត និងក្រុមប្រទេសអារ៉ាប់ និងមូស្លីម នៅថ្ងៃចន្ទ (ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ បានថ្កោលទោសការសម្រេចរបស់អ៊ីស្រាអែល ក្នុងការពង្រីកការគ្រប់គ្រងរបស់ខ្លួនលើតំបន់ West Bank។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលចេញដោយក្រសួងការបរទេសអារ៉ាប៊ីសាអ៊ូឌីត រដ្ឋមន្ត្រីការបរទេសនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត ហ្ស៊កដានី អេមីរ៉ាតអារ៉ាប់រួម កាតា ឥណ្ឌូនេស៊ី ប៉ាគីស្ថាន អេហ្ស៊ីប និងទួរគី បានលើកឡើងថា ពួកគេបានថ្កោលទោស «យ៉ាងខ្លាំងបំផុត ចំពោះការសម្រេច និងវិធានការខុសច្បាប់របស់អ៊ីស្រាអែល ដែលមានគោលបំណងដាក់អធិបតេយ្យភាពខុសច្បាប់របស់អ៊ីស្រាអែល ធ្វើឲ្យកាន់តែរឹងមាំនូវសកម្មភាពតាំងទីលំនៅ និងអនុវត្តស្ថានភាពជាក់ស្ដែងទាំងផ្នែកច្បាប់ និងរដ្ឋបាលថ្មី នៅក្នុងតំបន់កាន់កាប់ West Bank»។

រដ្ឋមន្ត្រីទាំងនោះ បានបន្តថា វិធានការទាំងនេះកំពុងពន្លឿនដល់ «ការបញ្ចូលជាដែនដីឧបសម្ព័ន្ធដោយខុសច្បាប់ និងការបម្លាស់ទីលំនៅរបស់ប្រជាជនប៉ាឡេស្ទីន ពីសំណាក់អ៊ីស្រាអែល» ដោយបញ្ជាក់ជាថ្មីថា អ៊ីស្រាអែល «គ្មានអធិបតេយ្យភាពលើដែនដីប៉ាឡេស្ទីនដែលត្រូវបានកាន់កាប់នោះឡើយ»។
សេចក្តីថ្លែងការណ៍នេះបានព្រមានថា គោលនយោបាយពង្រីកខ្លួនជាបន្តបន្ទាប់ និងវិធានការខុសច្បាប់ដែលរដ្ឋាភិបាលអ៊ីស្រាអែលបានអនុវត្តនៅក្នុងតំបន់កាន់កាប់ West Bank កំពុងជំរុញឲ្យមានអំពើហិង្សា និងជម្លោះនៅទូទាំងតំបន់នេះ។
រដ្ឋមន្ត្រីបានសម្តែងនូវ «ការបដិសេធទាំងស្រុង» ចំពោះអ្វីដែលពួកគេបានពិពណ៌នាថា ជាសកម្មភាពខុសច្បាប់ដែលបង្កើតបានជា «ការរំលោភយ៉ាងច្បាស់ក្រឡែត លើច្បាប់អន្តរជាតិ» ធ្វើឲ្យខូចដំណោះស្រាយរដ្ឋ២ និងតំណាងឲ្យ «ការវាយប្រហារលើសិទ្ធិមិនអាចដកហូតបានដាច់ខាតរបស់ប្រជាជនប៉ាឡេស្ទីន ក្នុងការសម្រេចបាននូវរដ្ឋឯករាជ្យ និងអធិបតេយ្យភាពរបស់ពួកគេ ផ្អែកលើខ្សែបន្ទាត់ព្រំដែនថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៦៧ ដោយមានទីក្រុង Jerusalem ដែលត្រូវបានកាន់កាប់ ជារដ្ឋធានីរបស់ដែនដីនេះ»៕
