រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នឹងដឹកនាំគណៈប្រតិភូអាមេរិកដ៏ធំមួយចូលរួមសន្និសីទសន្តិសុខទីក្រុង Munich ដែលត្រូវចាប់ផ្តើមនៅថ្ងៃសុក្រ ដោយគូសបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិក ទោះបីជាមាន «បញ្ហានៃការជឿទុកចិត្តគ្នា» ក៏ដោយ។ នេះបើតាមការឲ្យដឹងពីប្រធានវេទិកានេះ។
អតីតអ្នកការទូត លោក Wolfgang Ischinger ដែលជាប្រធានកិច្ចប្រជុំប្រចាំឆ្នាំរបស់អ្នកជំនាញផ្នែកសន្តិសុខ និងអ្នកបង្កើតគោលនយោបាយ បាននិយាយថា សមាជិកសភាអាមេរិកជាង ៥០រូប ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ ក្នុងនោះរួមមានទាំងតំណាងរាស្ត្រអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ លោកស្រី Alexandria Ocasio-Cortez ផងដែរ។
ជាមួយគ្នានេះ លោកបានបន្ថែមថា នាយករដ្ឋមន្ត្រី ឬប្រមុខរដ្ឋចំនួន ១៥រូប មកពីសហភាពអឺរ៉ុប ក៏នឹងចូលរួមសន្និសីទនេះផងដែរ ដែលអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz នឹងធ្វើការបើកនៅថ្ងៃសុក្រ ហើយនឹងបន្តរហូតដល់ថ្ងៃអាទិត្យ។
នៅឯសន្និសីទសារព័ត៌មានមួយ នាថ្ងៃចន្ទនេះ ក្នុងទីក្រុងប៊ែរឡាំង លោក Ischinger បានប្រាប់ថា៖ «នៅពេលនេះ ទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិក តាមទស្សនៈរបស់ខ្ញុំ កំពុងស្ថិតក្នុងបញ្ហាយ៉ាងខ្លាង ពាក់ព័ន្ធនឹងការជឿទុកចិត្តគ្នា និងភាពជឿជាក់គ្នា។ នោះហើយជាមូលហេតុដែលវាគឺជាការធ្វើឲ្យពេញចិត្តជាពិសេសដែលភាគីអាមេរិកកំពុងបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះព្រឹត្តិការណ៍នៅទីក្រុង Munich នេះ»។
នៅក្នុងសន្និសីទនេះ កាលពីឆ្នាំមុន អនុប្រធានាធិបតីអាមេរិក លោក JD Vance បានចោទប្រកាន់មេដឹកនាំអឺរ៉ុបថា បានរឹតបន្តឹងសេរីភាពនិយាយស្ដី និងបរាជ័យក្នុងការគ្រប់គ្រងអន្តោប្រវេសន៍៕